អតីតកីឡាករឆ្នើមប្រេស៊ីល Ronaldo វិជ្ជមានកូវីដ១៩

រីយ៉ូ ៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិប Cruzeiro បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ World Cup ២លើក លោក Ronaldo Nazario បានកឃើញវិជ្ជមានជំងឺកូវីដ១៩។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ។

ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា បុរសវ័យ៤៥ឆ្នាំរូបនេះ មានរោគសញ្ញាស្រាល ហើយកំពុងសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក ស្របតាមវិធានការសុខាភិបាល, នេះបើតាមក្លិប Cruzeiro បានឲ្យដឹង។

សូមជម្រាបថា លោក Ronaldo បានទិញភាគហ៊ុនធំ នៅក្លិប Cruzeiro តម្លៃ៧០លានដុល្លារ កាលពីខែមុន។ អតីតខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានចាប់ផ្តើមអាជីពបាល់ទាត់របស់លោក នៅឯក្លិប Cruzeiro ក្នុងឆ្នាំ១៩៩៣, ស៊ុតបញ្ចូលទីបាន៥៦គ្រាប់ ក្នុង៥៨ប្រកួត នៃការប្រកួតទាំងអស់ មុនពេលផ្លាស់ទៅក្លិប PSV Eindhoven កាលពីខែកក្កដា ឆ្នាំ១៩៩៤៕