UN ប្រកាស​រក​ជំនួយ ៣.៩ ពាន់​លាន​ដុល្លារដើម្បី​ជួយ​ប្រទេស​យេ​ម៉ែន

ញូវយ៉ក ​៖ អង្គការសហប្រជាជាតិ (UN) ប្រកាស​ត្រូវការ​ប្រាក់​ប្រហែល ៣.៩ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ ដើម្បី​ជួយ​ដល់​ប្រជាជន​រាប់លាន​នាក់​ក្នុងប្រទេស យេ​ម៉ែន ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម​។ នេះ​បើ​យោងតាម​មន្ត្រី​មនុស្សធម៌​កំពូល​របស់​អង្គការសហប្រជាជាតិ។​

ជំនួយការ​អគ្គលេខាធិការ​ស្តីទី​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌ និង​អ្នកសម្របសម្រួល​រង​ជំនួយ​សង្គ្រោះបន្ទាន់ UN លោក Ramesh Rajasingham បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ពុធ​ថា ឧបសគ្គ​ដ៏​ធំ​បំផុត​នៅពេលនេះ​គឺ​ការផ្តល់​មូលនិធិ ដើម្បី​ជួយ​ដល់​ប្រជាជន​ប្រហែល ១៦ លាន​នាក់​ក្នុងប្រទេស យេ​ម៉ែន ជា​កន្លែង​ដែល​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​អស់​រយៈពេល​ជាង ៧ ឆ្នាំ​មកហើយ​។ លោកបន្តថា ខ្ញុំ​បាន​អំពាវនាវ​ឱ្យ​ម្ចាស់ជំនួយ​ទាំងអស់​រក្សា​និរន្តរភាព​របស់​ពួកគេ ហើយ​ប្រសិនបើ​អាចធ្វើ​ទៅបាន ពួកគេ​គួរតែ​បន្ត​ផ្ដល់ជំនួយ​នៅ​ឆ្នាំនេះ​បន្តទៀត​។

សូមជម្រាបថា កាលពី​ថ្ងៃ​ពុធ អង្គការសហប្រជាជាតិ (UN) ក៏បាន​ប្រកាសអាសន្ន​អំពី​ការបន្ត​អស្ថេរភាព​ក្នុងប្រទេស យេ​ម៉ែន ដោយ​លើកឡើងថា ភាគី​ជម្លោះ បាន​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង ដើម្បី​ដណ្តើមយក​ជ័យជម្នះ​នៅ​សមរភូមិ​ផងដែរ​៕