ដំណើរការចាក់ដីពង្រីកឆ្នេរគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង២៧០ម៉ែត្រសម្រេចបាន៨០%ហើយ

ខេត្តកែប ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានចេញសេចក្តីសម្រេចលេខ ០៤០ សសរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាស្តីពីការដាក់ឲ្យ អនុវត្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់សម្រាប់សាធារណជន និងទេសចរ ដែលគម្រោងនេះមានប្រវែង ២៧០០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ការអនុវត្តគម្រោងនេះរួមមាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់តាមបណ្តោយឆ្នេរសមុទ្រដែលមានទទឹងយ៉ាងតិចជម្រៅ ៣០ម៉ែត្រ , សួនច្បារសាធារណៈ និងមានដាំដើមឈើនៅលើដីចំណីតាមបណ្តោយឆ្នេរសមុទ្រមានទទឹង ៥០ម៉ែត្រ ក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រវាងរដ្ឋ និងឯកជន ក្នុងគោលដៅធ្វើការកែលម្អបង្កើនឆ្នេរខ្សាច់កម្សាន្តសាធារណៈ និងផ្ទៃបៃតងសម្រាប់សាធារណជន និងទេសចរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានប្រាប់ដល់អង្គភាព “ភ្នំពេញដេលី”Phnom Penh daily កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ម្សិលមិញថា តាមគម្រោងការចាក់ដីពង្រីកឆ្នេរដែលមានប្រវែង ២៧០០ម៉ែត្រនេះ ត្រូវចំណាយពេលវេលាប្រមាណជា៦ខែទើបរួច ប៉ុន្តែជាក់ស្តែងចាប់ពីដំណើរការងារនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះមានរយៈពេលត្រឹមតែជាង២ខែប៉ុណ្ណោះ ជាលទ្ធផលសម្រេចបានប្រមាណ៨០ភាគរយហើយ ពោលស្ទើរតែ១០០ភាគរយហើយមុនផែនការកំណត់។

ឯកឧត្តម សោម ពិសិដ្ឋ បញ្ជាក់ថា បច្ចុប្បន្ន គឺនៅសល់តែការរៀបចំកែលម្អដូចជា ដាំដើមឈើ សួនច្បារ និងបូមខ្សាច់ ព្រមទាំងមានការស្ថាបនាផ្លូវចំនួន៥ខ្សែតភ្ជាប់ពីផ្លូវជាតិលេខ ៣៣A ទៅកាន់ឆ្នេរសមុទ្រ ក្នុងនោះជាប្រភេទវិថីមានចំនួន ២ខ្សែដែលមានទទឹងផ្លូវទំហំ ២០ម៉ែត្រ និងជាប្រភេទអនុវិថីមានចំនួន ៣ខ្សែដែលមានទទឹងទំហំផ្លូវ ១២ម៉ែត្រ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងទេសចរណ៍ដឹកនាំសិក្សាពីការរៀបចំអភិវឌ្ឍផែនការខេត្តកែប ដែលជាខេត្តជាប់ឆ្នេរសមុទ្រមួយរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់លំហែកាយកម្រិតខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តទស្សនា សម្រាកលំហែកាយច្រើនថែមទៀត។

ចំពោះការអភិវឌ្ឍខេត្តកែបឲ្យក្លាយទៅជាតំបន់ទេសចរណ៍កម្រិតខ្ពស់នេះដោយរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ កំពង់ផែទេសចរណ៍ ភូមិឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ រួមនិងរមណីយដ្ឋានទេសចរនានាទៀតផងដែរ ដែលខេត្តកែបត្រូវបានសម្លឹងក្នុងចក្ខុវិស័យដ៏វែងឆ្ងាយ កំណត់ជាខេត្តអេកូទេសចរបៃតងប្រណីត និងពុំមានកាស៊ីណូ សហគ្រាស ឬរោងចក្រនោះឡើយ។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឲ្យមានការបង្កើតលំនៅឋានទី២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឲ្យពួកគាត់ពន្យារពេលក្នុងការទស្សនា និងស្នាក់នៅរយៈពេលយូរក្នុងប្រទេសកម្ពុជា ដែលជំរុញឲ្យពួកគាត់មានការចំណាយច្រើន។ ម្យ៉ាងទៀតដោយសារតែខេត្តដ៏តូចច្រឡឹងមួយនេះមានទីតាំងនៅប៉ែកនិរតី ជាប់មាត់សមុទ្រនៃប្រទេសកម្ពុជា និងមានអំណោយផលខាងផ្នែកវិស័យទេសចរណ៍ ដែលសម្បូរទៅដោយព្រៃកោងកាង កោះតូចៗជាច្រើនកន្លែង ជួរភ្នំ ផ្សារលក់គ្រឿងសមុទ្រ ជាពិសេសគុណភាពខ្យល់សមុទ្រពីធម្មជាតិផងនោះ ធ្វើឲ្យខេត្តមួយនេះ កំពុងស្ថិតលើក្រសែភ្នែករបស់អ្នកវិនិយោគលើអចលនទ្រព្យមកពីគ្រប់ទិសទី៕ អត្ថបទ ៖ វណ្ណា + ទ្រី ហៀន