វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ «១៦,៧២៥ករណី» និងស្លាប់ថ្មី២០៦នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ១៦,៧២៥ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន២០៦នាក់បន្ថែមទៀតផងដែរក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ២,៩៦៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៧០១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Bình Phước មានចំនួន៧២៦ករណី, ខេត្ត Khánh Hòa ៦៧៧ករណី និងខេត្ត Đà Nẵng ៦៥៧ករណី។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៩៧៥,៤៤៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,៦៦១,៩៣០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣៥,១៧០នាក់៕