រដ្ឋបាលស្រុកដំណាក់ចង្អើរចេញលិខិតឆ្លើយតបបកស្រាយការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន

ខេត្តកែប ៖ បន្ទាប់ពីអង្គភាព “ភ្នំពេញដេលី” Phnom Penh Daily Media និងបណ្ដាញសារព័ត៌មានមួយចំនួនទៀតបានធ្វើការចុះផ្សាយទីតាំងចាក់ដីមួយកន្លែង ស្ថិតក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបថា បានចាក់រំលោភយកដីព្រៃលិចទឹករបស់រដ្ឋធ្វើជាកម្មសិទ្ធិ រដ្ឋបាលស្រុកដំណាក់ចង្អើរ ក៏បានចេញលិខិតឆ្លើយតប បកស្រាយដើម្បីកុំឲ្យមានការយល់ច្រឡំពាក់ព័ន្ធការចាក់ដីខាងលើនេះ។

បើតាមលិខិតពុំមានចុះលេខចំនួន០១ច្បាប់ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរមានខ្លឹមសារថា អ្នកនាំពាក្យរដ្ឋបាលស្រុកដំណាក់ចង្អើរ សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនឲ្យបានជ្រាបថា ទីតាំងដីដែលបានចុះផ្សាយ គឺមិនស្ថិតក្នុងតំបន់អភិរក្សរបស់ជលផល ឬក្នុងដែននាទីព្រៃកោងកាងឡើយ។

ខ្លឹមសារនៃលិខិតក៏បានបញ្ជាក់ទៀតថា ម្ចាស់ដីឈ្មោះ ឈុន មឿន មានលិខិតកាន់កាប់លេខក្បាលដី ៤៤៩១ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មិនមែនជាអ្នកមកពីក្រៅភូមិសាស្ត្រឡើយ ហើយម្ចាស់ដីបានមកសុំច្បាប់ចាក់បំពេញអាចម៍ដីនៅការិយាល័យច្រកចេញចូលតែមួយស្រុក និងមានការអនុញ្ញាតឲ្យចាក់បំពេញអាចម៍ដីត្រឹមត្រូវតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១មកម្ល៉េះ។

ចំពោះការសួរព័ត៌មានតាមទូរស័ព្ទ និងតាមតេឡេក្រាម មានការឆ្លើយតបមិនបានច្បាស់លាស់ មានការភ័ន្តច្រឡំទីតាំងនោះ គឺដោយសារមិនបានទៅមើលទីតាំងផ្ទាល់ និងការស្តាប់ច្រឡំទីតាំង ដូចជាការឆ្លើយរបស់លោកមេឃុំ និងលោកជំទប់ទី១ឃុំ ភ័ន្តច្រឡំទីតាំងថា ជាកោះចាក់កគោក្នុងភូមិទួលសាងាំ ជាក់ស្តែងរូបភាពដែលបានចុះផ្សាយស្ថិតនៅទីតាំងជិតកោះចាករក្នុងភូមិអំពែង។

ដោយឡែក ទីតាំងដែលគណៈបញ្ជាការឯកភាពស្រុកបានចុះបង្ក្រាប និងដកដើមដូង គឺស្ថិតនៅចំណុចកោះចាក់កគោក្នុងភូមិទួលសាងាំ មិនស្ថិតនៅត្រង់ចំណុចដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានទីតាំងស្ថិតនៅទីតាំងជិតកោះចាករក្នុងភូមិអំពែង។

យោងលិខិតអនុញ្ញាតលេខ ០៣១/២១ លអ.រច១ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ របស់ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ គឺបានអនុញ្ញាតឲ្យឈ្មោះ ឈុន នឿន ចាក់បំពេញអាចម៍ដីមានទំហំ ៤៥០ ម៉ែត្រការ៉េ ប៉ុន្តែជាក់ស្តែងការចាក់អាចម៍ដីមានទំហំលើសពីលិខិតអនុញ្ញាត ហើយករណីនេះត្រូវលោកស្រី គឹម ចន្នី អភិបាលស្រុកដំណាក់ចង្អើរបញ្ជាក់ប្រាប់ថា លោកស្រីបានឲ្យមន្ត្រីទំនាក់ទំនងឲ្យគាត់ (លោក ឈុន នឿន) មកបំពេញបែបបទសុំចាក់ដីបន្ថែមត្រង់កន្លែងចាក់លើសហើយ។

បើតាមលិខិតដដែលនេះតម្រូវឲ្យសាមីខ្លួនអ្នកស្នើសុំ គឺលោក ឈុន នឿន អនុវត្តដូចខាងក្រោម ៖

១ – ត្រូវចាក់បំពេញដីនៅលើទីតាំងដែលបានអនុញ្ញាត និងគោរពតាមកិច្ចសន្យាឲ្យបានត្រឹមត្រូវ។

២ – មិនអនុញ្ញាតចាក់ដីលើដីអ្នកដទៃ និងដីរបស់រដ្ឋខុសពីប្លង់កម្មសិទ្ធិឡើយ។

៣ – ត្រូវរក្សាការស្ងប់ស្ងាត់មិនឲ្យប៉ះពាល់អ្នកដទៃ និងរំខានដល់អ្នកជិតខាង។

៤ – ត្រូវការពារចិញ្ចើមផ្លូវត្រង់ទីតាំងចាក់បំពេញអាចម៍ដីកុំឲ្យខូចខាត និងទុកផ្លូវទឹកហូរ។

៥ – ត្រូវសម្អាតអាចម៍ដីដែលជ្រុះប្រឡាក់នៅលើផ្លូវឲ្យស្អាតចាប់ពីទីតាំងយកអាចម៍ដី រហូតដល់ទីតាំងចាក់ដីរៀងរាល់ថ្ងៃ។

មានការលើកឡើងក្នុងន័យឆ្ងល់ថា បើតាមខ្លឹមសារទាំង៥ចំណុចខាងលើនេះបានន័យថា ការចាក់ដីរបស់លោក ឈុន នឿន ដែលលើសពីលិខិតអនុញ្ញាតត្រូវតែធ្វើការកាយចេញវិញជាបន្ទាន់ ចុះហេតុអ្វីបានជាលោកស្រីអភិបាលស្រុកមិនព្រមអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តដែលចេញឲ្យ បែរជា តម្រូវឲ្យលោក ឈុន នឿន ចូលខ្លួនបំពេញបែបបទស្នើសុំចាក់ដីបន្ថែមត្រង់ចំណុចកន្លែងដែលបានចាក់លើសនោះទៅវិញ…?៕ អត្ថបទ ៖ ទ្រី ហៀន