ឯកឧត្តម វ៉ា ថន អញ្ជើញបិទការប្រកួតកីឡាមិត្តភាពអបអរសាទរខួបលើកទី៤៣ ទិវាជ័យជំនះ ៧មករា

ខេត្តក្រចេះ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន អភិបាលនៃ គណៈអភិបាលខេត្តក្រចេះបានអញ្ជើញចូលរួមជាអធិបតីបិទការប្រកួតកីឡាបាល់ទាត់មិត្តភាព មកពីបណ្តា ស្រុកក្នុងខេត្ត នៅកីឡាដ្ឋានខេត្តអបអរសារទរ ខួបលើកទី៤៣ ទិវាជ័យជំនះ ៧មករា។

ក្នុងពិធីនេះផងដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាអភិបាលរងខេត្ត លោក លោកស្រីជាអភិបាល អភិបាលរងស្រុកក្រុងទាំង៦ លោកប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត រួមនិងប្អូនៗជាកីឡាករជាច្រើននាក់ផងដែរ។

ឯកឧត្តមគណៈអភិបាលខេត្ត មានប្រសាសន៍ថា ទាំងអស់នេះ ជាទំពាំងស្នងឫស្សី នៅពេលអនាគត ដែលប្រទេសជាតិត្រូវការ មិនថា វិស័យកីឡាតែមួយនោះទេ គឺត្រូវការគ្រប់វិស័យ និងគ្រប់ជំនាញទាំងអស់ ហេតុដូច្នេះសូមប្អូនៗ និងក្មួយៗខិតខំប្រឹងប្រែងបន្តទៀត ទាំងការសិក្សារៀនសូត្រផងដែរ ព្រោះទាំងអស់នេះជាស្ពាន និងជាផ្លូវសម្រាប់អនាគតដ៏ត្រចះត្រចង់របស់ប្អូនៗ និងក្មួយៗ ។

ឯកឧត្តមបន្តថា ការជួបជុំ ការដើរកំសាន្ត ការប្រកបមុខរបរផ្សេងៗ គឺដោយប្រទេសមានសុខសន្តិភាព ហើយសុខសន្តិភាពនេះកើតបានរហូតមកដល់ពេលនេះ សុទ្ធតែបានមកដោយលំបាក គឺមានការលះបង់សាច់ស្រស់ ឈាមស្រស់ របស់ថ្នាក់ដឹកនាំ និងយុទ្ធជនរបស់យើង ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលះបង់ខ្ពស់ និងយកជីវិតធ្វើដើមទុនក្នុងការរំដោះប្រទេសឲ្យរួចផុតពីបនប្រល័យពូជសាសន៍។ ហេតុដូច្នេះ យើងត្រូវចូលរួមការពារថែរក្សាសន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីប្រទេសជាតិយើងបន្តការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ជូនជាតិ និងដើម្បីប្រជាជន៕  ដោយ ៖ ស៊ាន  ចន្ទ័ដា