UN ព្រមាន​ថា ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់​នឹង​ស្លាប់ បើ​គ្មាន​ជំនួយ​មូលនិធិ

ញូវយ៉ក​ ៖ ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាន​ព្រមាន​ថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់លាន​នាក់​នឹង​ស្លាប់ បើ​គ្មាន​ជំនួយ​ពី​អន្តរជាតិ ខណដែល​លោក បាន​ជំរុញ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ផ្តល់​មូលនិធិ​តាម​ការអំពាវនាវ​រប​ស់ UN ចំនួន ៥ ពាន់​លាន​ដុល្លារ និង​គួរតែ​ផ្ដល់​ទ្រព្យសម្បត្តិ​ដែល​ជាប់គាំង​មក​ឲ្យ​អា​ហ្វ​ហ្គា​នី​ស្ថាន​វិញ ដើម្បី​ទប់ស្កាត់​ការដួលរលំ​សេដ្ឋកិច្ច និង​សង្គម អា​ហ្វ​ហ្គា​នី​ស្ថាន​។​

លោក Guterres បានបញ្ជាក់ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សីតុណ្ហភាព​ត្រជាក់ និង​ទ្រព្យសម្បត្តិ​ត្រូវបាន​ជាប់គាំង គឺជា​ការរួមបញ្ចូល​គ្នាដ៍​អាក្រក់ សម្រាប់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

សូមជម្រាបថា សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ជំនួយ​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់ផ្ដើម​ដួលរលំ នៅពេលដែល​ពួក​តា​លី​បង់ បាន​ដណ្តើម​អំណាច​នៅ​ពាក់​កណ្តាលខែ សីហា ស្របពេល​មានការ​ចាកចេញ​ដ៏​វឹកវរ​របស់​ទាហាន​អាមេរិក និង​ណា​តូ ក្រោយ​បំពេញភារកិច្ច​អស់​រយៈពេល ២០ ឆ្នាំ​មកនេះ​៕