កូរ៉េខាងជើងព្រមាន​ឆ្លើយតប​កាន់តែខ្លាំង​ បើ​អាមេរិក​នៅតែ​រក្សា​ជំហរ​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​

ព្យុងយ៉ាង ​៖ ប្រទេស​កូរ៉េខាងជើងនៅ​ថ្ងៃ​សុក្រ​នេះបាន​រិះគន់​ដល់​រដ្ឋបាល​លោក Joe Biden ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​ខ្លួន ជុំវិញ​ការសាកល្បង​បាញ់​បង្ហោះ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ចុងក្រោយ​របស់ខ្លួន ហើយ​បាន​ព្រមាន​ថា នឹងធ្វើ​សកម្មភាព​ឲ្យ​កាន់តែខ្លាំង​ជាង​នេះ និង​ច្បាស់លាស់​ជាង​នេះ ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន នៅតែ​រក្សា​ជំហរ​ប្រឈមមុខ​ដាក់គ្នា​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​ធ្វើឡើង​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កណ្តាលផ្លូវ​ការ​កូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​ដែល​មិន​បញ្ចេញ​អត្តសញ្ញាណ បានចេញ​មុខការ​ពារ ចំពោះ​សកម្មភាព​បាញ់​បង្ហោះ​មី​ស៊ី​ល​នាពេល​ថ្មីៗ​នេះ​របស់​កូរ៉េខាងជើង ដោយ​និយាយថា ជា​សមយុទ្ធ​ស្វ័យការពារ​ដ៏​ត្រឹមត្រូវ​មួយ​។​

រដ្ឋបាល​លោក Joe Biden កាលពី​ថ្ងៃ​ពុធ បានដាក់​ទណ្ឌកម្ម​លើ​ជនជាតិ​កូរ៉េខាងជើង ៥ នាក់ ជុំវិញ​តួនាទី​របស់​ពួកគេ​ក្នុងការ​ទទួលបាន​ឧបករណ៍ និង​បច្ចេកវិទ្យា សម្រាប់​កម្មវិធី​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ក្នុង​សប្តាហ៍​នេះ ហើយ​ថែមទាំង បាន​សង្កត់ធ្ងន់ថា ខ្លួន​នឹង​ស្វែងរក​ទណ្ឌកម្ម​ថ្មី​ពី​អង្គការសហប្រជាជាតិ (UN) ដើម្បី​រារាំង​អាវុធ​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង​៕