រុស្ស៉ីចាត់ទុកកិច្ចចរចាស្ដីពីបញ្ហាសន្តិសុខជាមួយអាមេរិក និង NATO «បរាជ័យ»

ម៉ូស្គូ ៖ រុស្ស៊ីបានចាត់ទុកថា កិច្ចចរចាស្ដីពីបញ្ហាសន្តិសុខជាមួយសហរដ្ឋអាមេរិក និងអង្គការ NATO នៅក្នុងសប្ដាហ៍នេះបានទទួលបរាជ័យ ដ្បិតការខ្វែងគំនិតគ្នា នៅតែមានលើបញ្ហាធំៗជាច្រើន។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា កិច្ចប្រជុំទាំង ២ជុំ ក្នុងទីក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ពិតជាមានលទ្ធផលវិជ្ជមានមួយចំនួន ប៉ុន្តែទីក្រុងម៉ូស្គូចង់បានលទ្ធផលច្បាស់លាស់។

សូមជម្រាបថា រុស្ស៊ីបានច្រានចោលការចោទប្រកាន់ជារឿយៗពីសំណាក់អាមេរិក និងអង្គការ NATO ថាខ្លួនគ្មានផែនការវាយប្រហារលើប្រទេសណាមួយឡើយ តែគឺ NATO ទៅវិញទេដែលកំពុងបង្កអស្ថិរភាពនៅក្នុងតំបន់។ ប្រទេសរុស្ស៊ីត្រូវបានគេមើលឃើញថា បាននិងកំពុងបង្ហាញសារព្រមានដោយប្រយោល អំពីការផ្ទុះសង្គ្រាមឡើង ប្រសិនបើប្រទេសអ៊ុយក្រែន នៅតែរឹងទទឹងចង់ក្លាយជាសមាជិក នៃអង្គការ NATO៕