ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុចាប់ឃាត់គ្រឿងចក្រនៅការដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់មួយកន្លែង ក្រោយពិនិត្យឃើញថាមិនមានច្បាប់អនុញ្ញាត

ខេត្តព្រះសីហនុ ៖ ក្រុមការងាររដ្ឋបាលក្រុងដឹកនាំដោយ លោក ទៀង វណ្ណារិទ្ធ តំណាងឱ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចុះធ្វើការពិនិត្យការដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់មួយកន្លែងស្ថិតក្នុងភូមិលេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ក្បាលដីលេខ១៦៦) និងបានចាប់ឃាត់រថយន្តដឹកដីមួយគ្រឿង ក្រោយពិនិត្យឃើញថា ទីតាំងកាដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ មិនមានច្បាប់អនុញ្ញាត។

លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុបានឱ្យដឹថា ក្នុងពេលចុះពិនិត្យ ការដ្ឋាន ដឹក ជញ្ជូនកាកសំណល់សំណង់ខាងលើ ឃើញមាន គ្រឿងចក្រចំនួន០២គ្រឿង គឺរថយន្តដឹកដីមួយគ្រឿង និងគ្រឿងចក្រ (អេស្កាម៉ាក CAT) មួយគ្រឿង។

បច្ចុប្បន្នរថយន្តដឹកដីមួយគ្រឿងពាក់ផ្លាកលេខ (កំពត3A.1501) ត្រូវបានក្រុមការងារនាំយកទៅរក្សាទុកនៅសាលាក្រុង ដើម្បីធ្វើកាដោះស្រាយតាមនីតិវិធី។ ដោយឡែកសំរាប់គ្រឿងចក្រមួយគ្រឿងទៀត (អេស្កាម៉ាក CAT)មិនបានយកទៅសាលាក្រុងទេគឺ រក្សាទុកក្នុងកាដ្ឋានដោយមិនអនុញ្ញាតយកចេញទៅណានោះទេ បើសិនជាមិនទាន់មានការដោះស្រាយ។

លោក ឈឹម សំណាង តំណាងក្រុមហ៊ុនគ្រឿងចក្រដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ បាននិយាយថា ការដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ រួមនិងការវាយកម្ទេច អគារចំនួនមួយផង ដែរនោះ លោកបានបញ្ជាក់ថា បានចាយលុយអស់ចំនួនប្រមាណ៣០០០ដុល្លារហើយ ដើម្បីឱ្យគេរត់ការសុំច្បាប់អនុញ្ញាត ប៉ុន្តែរហូតមកដល់ពេលនេះ លោកមិនទទួលបានច្បាប់អនុញ្ញាតទេ ហើយឥឡូត្រូវសាលាក្រុងព្រះសីហនុបិទការដ្ឋាន និងចាប់រថយន្ត និងគ្រឿងចក្របន្ថែមទៀត ។

ជាមួយគ្នានេះលោក វន ដែលអះអាងថា ជាតំណាងភាគីខាងម្ចាស់ដីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហា ខាងលើនេះលោកបានបញ្ជាក់ថា លោកបានធ្វើកិច្ចកុងត្រា ជាមួយឈ្មោះ ផានឃាង ជាអ្នកម៉ៅការដឹកជញ្ជូនកាកសំណល់សំណង់ និងវាយកម្ទេចសំណង់ចំនួន០១ លើទីតាំងដីខាងលើ ច្បាស់លាស់ណាស់ ក្នុងតម្លៃ៨០០០ដុល្លារ (ហើយរួចរាល់) ប៉ុន្តែចំពោះ ច្បាប់ដឹកជញ្ជូនកាកសំណល់សំណង់ និងវាយកម្ទេច សំណង់យ៉ាងណានោះ លោកមិនដឹងទេ គឺនៅលើអ្នកម៉ៅការ។ ក្នុងករណីអ្នកម៉ៅការមិនអនុវត្តន៍តាម ឬបញ្ចប់សកម្មភាពការងារ របស់ខ្លួនពាក់កណ្តាលទី (មិនទាន់ហើយ) នោះភាគី ខាងលោក ផានឃាង ត្រូវតែការបង់ប្រាក់សង់មកម្ចាស់ដីវិញក្នុងចំនួន (១៦០០០ដុល្លារ)៕ ដោយ ៖ ទឹង សុភាព