មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងប្រជុំបូកសរុបលទ្ធផលការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសហការជាមួយរដ្ឋបាលខេត្តស្វាយរៀងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ ២០២២ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទថ្នាក់ខេត្តព្រមទាំងប្រកាសលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ខេត្តស្វាយរៀងសម្រេច ODF ដោយគណៈកម្មការថ្នាក់ជាតិស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្តតំណាងមន្ទីរអង្គភាពនានានិងអង្គការសង្គមស៊ីវិលក្នុងខេត្តដែលជាម្ចាស់ជំនួយផងដែរ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានថ្លែងនូវការចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះលទ្ធផលជោគជ័យដ៏ធំធេងដែលក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងទទួលបានជាផ្លែផ្កាលើការផ្គត់ផ្គង់ទឹក ការសំអាតនិងអនាម័យជនបទរនាពេលកន្លងមកនេះ។ ហើយការប្រជុំបូកស្រុកនេះគឺមានគោលបំណងដើម្បីបង្ហាញពីវឌ្ឍនភាពការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ដែលអនុវត្តដោយ PWG/RWSSH ខេត្តស្វាយរៀង។ ការឆ្លុះបញ្ចាំងនិងប្រកាសលទ្ធផលពិនិត្យផ្ទៀងផ្ទាត់ ODF ខេត្តស្វាយរៀងដោយគណៈកម្មការថ្នាក់ជាតិ។

លោកអភិបាលរងខេត្តតូចប៉ូលីវ៉ាបានបញ្ជាក់ថា ចំពោះលទ្ធផលសំរេចបានគិតត្រឹមត្រីមាសទី៤ ឆ្នាំ ២០២១ ចំពោះការផ្គត់ផ្គង់ទឹកជនបទគឺ អត្រាប្រជាពលរដ្ឋមានប្រភពទឹកប្រើប្រាស់ចំនួន ៩៩,៤%ក្នុងនោះអត្រាប្រជាពលរដ្ឋប្រើប្រាស់ទឹកក្នុងសុវត្ថិភាពចំនួន ៨៧,៤%។ ចំណែកអនាម័យកម្រិតមូលដ្ឋានគឺសម្រេចបាន១០០% ខេត្តស្វាយរៀងបានសម្រេច ODF ផ្ទៃក្នុងកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១  ពោលគឺប្រជាពលរដ្ឋក្នុងខេត្តបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងហើយ។

ឯកឧត្តម ជ្រុន ថេរ៉ាវាយ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានថ្លែងនូវការកោតសរសើរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀងនិងមន្ត្រីមន្ទីរជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរួមនិងអង្គការសង្គមស៊ីវិលនានាដែលបានខិតខំពន្លឿនការអនុវត្តវិស័យគត់គង់ទឹក ការសំអាត និងអនាម័យជនបទក្នុងខេត្តស្វាយរៀងទទួលបានលទ្ធផលល្អប្រសើរដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទក្នុងនាមគណៈកម្មការជាតិបានប្រកាសសម្រេច ODFនៅទូទាំងខេត្តស្វាយរៀងចាប់ពីពេលនេះតទៅ ព្រមទាំងបានសំណូមពរដល់អាជ្ញាធរខេត្តក្រុងស្រុកជាមួយនឹងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តអង្គភាពពាក់ព័ន្ធនានារួមនិងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តស្វាយរៀងបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យធ្វើអនាម័យរបៀបរស់នៅថ្មីក្នុងបរិបទកូវីដ-១៩ ដើម្បីកុំឲ្យមានការឆ្លង និងជំងឺឆ្លងផ្សេងៗទៀតផងដែរ៕ ដោយ ៖ ភក្តី