ស៊ីរី ជំរុញឱ្យអន្តរជាតិចាត់វិធានការប្រឆាំងពួកភេរវករ ក្រោយការវាយប្រហារ បំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីដាម៉ាស់

ដាម៉ាស់ ៖ ក្រសួងការបរទេសស៊ីរី នៅថ្ងៃពុធសប្ដាហ៍នេះបានជំរុញឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារបំផ្ទុះគ្រាប់បែក ដ៏ប្រល័យមួយនៅក្នុងរដ្ឋធានីដាម៉ាស់ ដែលបានផ្ដាច់ជីវិតមនុស្ស១៤នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

ក្រសួង​ដដែលបាន​បន្តថា ប្រទេស​ស៊ី​រី​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ និង​អង្គការសហប្រជាជាតិ ថ្កោលទោស​ទៅលើ​ការ​បំផ្ទុះ​គ្រាប់ បែក​នេះ ដោយ​ផ្តោតលើ​ជន​ស៊ីវិល​ដែល​គ្មាន​អាវុធ ហើយ​ស៊ី​រី​ក៏បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​រារាំង​ប្រឆាំងនឹង​រដ្ឋ​ដែល​គាំទ្រ​ផ្តល់​ហិរញ្ញប្បទាន​ភេរវកម្ម​នៅក្នុង​ប្រទេស​ផងដែរ​។​

សូមជម្រាបថា ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង​នៅពេលដែល​ក្រុម​ឧទ្ទាម​ជ្រុលនិយម​បានទទួល​រង​ការឈឺចាប់ ដោយសារ​ការរីកចម្រើន​របស់​យោធា​ស៊ី​រី ជាពិសេស​នៅ​ជិត​ទីក្រុង​អ៊ី​ដ​លី​ប (Idlib) ជា​បន្ទាយ​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​ដែលមាន​ទីតាំង​ស្ថិតនៅ​ភាគ​ពាយ័ព្យ​ប្រទេស​ស៊ី​រី​៕