ICC ចេញដីកាចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Shoigu និងប្រធានសេនាធិការ លោក Gerasimov

ប្រភព៖ Reuters

ទីក្រុងឡាអេ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក Sergei Shoigu អតីតរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងលោក Valery Gerasimov​ ដែលជាប្រធានសេនាធិការ នៅថ្ងៃអង្គារនេះពីបទឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ចំណាត់ការពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នេះ តំណាងឱ្យការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះជម្លោះរុស្ស៉ី-អ៊ុយក្រែនដែលកំពុងបន្ត ដោយវាបានបន្ថែមសម្ពាធផ្នែកច្បាប់ និងការទូតអន្តរជាតិបន្ថែមទៀតដែលកំពុងកើនឡើងលើប្រទេសរុស្ស៊ី។

ដីកាចាប់ខ្លួននេះ បានចោទប្រកាន់មន្ត្រីយោធាជាន់ខ្ពស់របស់រុស្ស៉ីទាំងពីររូបនេះ ថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយដឹកនាំការវាយប្រហារលើជនស៊ីវិល និងគោលដៅជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីប្រកាសព័ត៌មាន ICC បាននិយាយថា ចៅក្រមរបស់ខ្លួនបានរកឃើញ ភស្តុតាងសមហេតុផលក្នុងការជឿថា លោក Shoigu និង លោក Gerasimov គឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយមីស៊ីល ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។ ការវាយប្រហារទាំងនេះត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅចន្លោះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

ប្រទេសរុស្ស៊ីដែលមិនមែនជាសមាជិកនៃ ICC បានការពារសកម្មភាពរបស់ខ្លួនម្តងហើយម្តងទៀត ដោយអះអាងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបង្កើត គឺជាគោលដៅយោធាស្របច្បាប់ និងបដិសេធរាល់ការផ្តោតគោលដៅដោយចេតនា ទៅលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕