ASEAN U16៖ កម្ពុជា បង្កើនឱកាសអ៊ុតកៅអីឡើងវគ្គបន្ដ ក្រោយវាយបកស្មើវៀតណាម

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា ធ្វើបានយ៉ាងល្អ ដោយវាយបកតាមស្មើក្រុមជម្រើសជាតិ U16 វៀតណាម ១-១ សម្រាប់ការប្រកួតទី២ ក្នុងពូលB នៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៦ឆ្នាំ (ASEAN U16 Boy’s Championship) ឆ្នាំ២០២៤ នៅរាត្រីថ្ងៃទី២៥ ខែមិថុនានេះ នៅប្រទេសឥណ្ឌូនេស៊ី ។

ការចែកគ្នា ១ពិន្ទុម្នាក់នេះ បានធ្វើឲ្យក្រុមយុវជន U16 កម្ពុជា បន្ដឈរលេខ២ ក្នុងពូល B ដោយរកបាន ៤ពិន្ទុ ស្មើក្រុមកំពូលតារាង U16 វៀតណាម ។ ក្រុមទាំងពីរ នៅសល់ ១ប្រកួតម្នាក់ទៀត ដោយកម្ពុជា ត្រូវជួបក្រុមបាតតារាងប្រ៊ុយណេ នាថ្ងៃទី២៨ ខែមិថុនា ។

យ៉ាងណាមិញលទ្ធផលបណ្ដោះអាសន្នពេលនេះ បានធ្វើឲ្យក្រុមគោព្រៃជំទង់កម្ពុជា នៅតែមានឱកាសខ្ពស់ ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ASEAN U16 Boy’s Championship 2024 នេះ ៕