សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តការរើសកម្លាំងប្រដាប់អាវុធចេញពីគ្រួសារអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំវិធានការអទិភាពដល់កូនចៅនគរបាល ទាហាន និងអតីតយុទ្ធជន ដើម្បីជ្រើសជាកម្លាំងបន្តវេន។

សម្ដេចលើកឡើងបែបនេះនៅក្នុងខួបទី១៧ នៃទិវាយុទ្ធជនដែលរៀបចំឡើងនូវសាកលវិទ្យាល័យការពារជាតិព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាបច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ៕