អាជ្ញាធរដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ជាង៧០០គីឡូក្រាមតាមអំណាចសាលក្រម!

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ដោយស្ថានភាពភូមិសាស្រ្តក្នុងខេត្តស្ទឹងត្រែងសម្បូរទៅដោយ ព្រៃ ភ្នំ ទន្លេ និងច្រករបៀងជាច្រើនកន្លែង ជាប់និងព្រំប្រទល់ប្រទេសឡាវ ងាយស្រួលដល់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនធ្វើសកម្មភាពលួចលាក់នាំចូល និងចរាចរណ៍ទៅកាន់គោលដៅ ហើយខេត្តស្ទឹងត្រែងគឺជាភូមិសាស្រ្តដំបូងគេ ដែលអំណោយផលក្នុងការឆ្លងកាត់ ។

ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀន តែជាប្រទេសដែលបានទទួលរងគ្រោះពីឥទ្ធិពលនៃការផលិត ។ ទន្ទឹមនេះ ខេត្តស្ទឹងត្រែងបានធ្វើការដុតបំផ្លាញចោលនូវសារធាតុញៀនជាង៧០០គីឡូក្រាម តាមអំណាចសាលក្រមក្រោយសមត្ថកិច្ចធ្វើការបង្ក្រាបបាននាពេលកន្លងមក ។

យោងតាមរបាយការណ៍ នៃការបង្រ្កាប ទប់ស្កាត់ ការចរាចរណ៍ ចែកចាយ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឹងគ្រឿងញៀន ក្រោមប្រធានបទ«រួមគ្នាវិនិយោគលើការ បង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន» ក្នុងនោះមានចំនួន១៧ករណី ឃាត់ខ្លួនជនសង្ស័យសរុប៣៨នាក់ ជនជាតិវៀតណាម០១នាក់ ថៃ០៣នាក់ផងដែរ ។ ចាប់យកវត្ថុតាគ្រឿងញៀន៧០៥គីឡូក្រាម និង៥៥៦,៥៨ក្រាម(ប្រាំរយហាសិបប្រាំមួយ ក្បៀស ហាសិបប្រាំបីក្រាម) ក្នុងនោះមានសារធាតុផ្សេងៗដូចជា៖

-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ សរុប៦០៣គីឡូក្រាម និង៤៣១,០៣ក្រាម(បួនរយសាមសិបមួយ ក្បៀសសូន្យបីក្រាម)-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប២០គីឡូក្រាម និង៩៩២,៥៧ក្រាម(ប្រាំបួនរយកៅសិបពីរ ក្បៀស ហាសិបប្រាំពីរក្រាម)

-គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សរុប៣១គីឡូក្រាម និង៩២៣,២ក្រាម(ប្រាំបួនរយម្ភៃបី ក្បៀស ពីរក្រាម)

-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១,៨៦ក្រាម (ប្រាំបួនរយកៅសិបមួយ ក្បៀស ប៉ែតសិបប្រាំមួយក្រាម) រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់សរុប ៣៧គីឡូក្រាម និង២១៧,៩២ក្រាម(ពីររយដប់ប្រាំពីរ ក្បៀស កៅសិបពីរក្រាម)

សូមបញ្ជាក់ថា៖គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាឱកាសនេះ មានទម្ងន់សរុប៧០២គីឡូក្រាម និង១៣៦,១៨ក្រាម៕