មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហាររបស់ដង្កូវហ្វូងលើដំណាំស្រូវ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន ចុះទៅ​ពិនិត្យ និងវាយតម្លៃផលប៉ះពាល់ នៃការវាយប្រហារ​របស់ដង្កូវហ្វូងលើដំណាំស្រូវរបស់កសិករ នៅខេត្តព្រះសីហនុ។

ក្នុងដំណើរនៃការចុះពិនិត្យជាក់ស្តែងបានសង្កេតឃើញ និងបានដោះស្រាយរួមមាន ១.​ នៅឃុំសាមគ្គី ការរាតត្បាតរបស់ដង្កូវហ្វូងមាននៅភូមិបឹងរាំង និងឃុំទឹកល្អក់ ការរាតត្បាតរបស់ដង្កូវហ្វូងមាននៅភូមិទួល ភូមិព្រែកផ្អាវ ភូមិជ្រលង និងភូមិកំពង់ស្មាច់តូច ស្រុកព្រៃនប់ ។ ក្រុមការងារមន្ទីរបានចុះអន្តរាគមន៍​ និងបានផ្តល់ថ្នាំបាញ់កម្ចាត់ដង្កូវលើផ្ទៃដីចំនួន ១៣៨ហ.ត ស្មើនឹង ១៤៥គ្រួសារ។ គិតត្រឹមព្រឹកនេះ​ ដង្កូវហ្វូងត្រូវបានកម្ចាត់​ទាំងស្រុង។

ទី២. នៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ការរាតត្បាតរបស់​ដង្កូវហ្វូងមាននៅភូមិថ្មី និងភូមិចាំស្រី ដែលខណៈនោះក្រុមការងារ​មន្ទីរកសិកម្មខេត្ត បានចុះអន្តរាគមន៍ និងបានផ្តល់ថ្នាំបាញ់កម្ចាត់​ដង្កូវលើផ្ទៃដីចំនួន ១៤០ហិកតា ស្មើនឹង ៩៦គ្រួសារ ដោយគិតត្រឹម​ថ្ងៃ២៧នេះ វត្តមានដង្កូវហ្វូងនៅសេសសល់តិចតួចបំផុត ហើយកសិករ​ម្ចាស់ស្រែនឹងបាញ់ថ្នាំកម្ចាត់បង្ហើយទាំងស្រុងនៅរសៀលនេះ។

នាឱកាសនោះដែរ លោកជំទាវ ហ៊ូ សុពណ៌ ក៏បានអំពាវនាវ​ឱ្យកសិករទាំងអស់ត្រូវតែបន្តចុះពិនិត្យស្រែជាប្រចាំ។ ក្នុងករណីជួបប្រទះ​ដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរ​មូលដ្ឋាន​​ដែលនៅជិតបំផុតតាមឃុំ-ស្រុក ដើម្បីជួយផ្តល់ការណែនាំ​ពីបច្ចេកទេស ឬរបៀបនៃការប្រើប្រាស់ថ្នាំកសិកម្មបាញ់កំចាត់ដង្កូវឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ផងដែរថា ក្នុងដំណើរនៃការចុះពិនិត្យនោះ មន្ទីរកសិកម្មខេត្តព្រះសីហនុ បានចែកជូនប្រជាកសិករនូវថ្នាំបាញ់កម្ចាត់ដង្កូវ ជូនដល់កសិករ​ទាំង២៤១គ្រួសារ ដែលរងផលប៉ះពាល់ ព្រមទាំងបានណែនាំ​អំពីវិធីប្រើប្រាស់ និងវិធានការ ការពារក្នុងពេលបាញ់ថ្នាំថែមទៀតផង៕