រដ្ឋមន្ត្រីយុត្តិធម៌ នឹងស្នើដាក់ឈ្មោះ ស្រី ស៊ីណា ក្នុងបញ្ជីឧក្រិដ្ឋជនប្រព្រឹត្តទង្វើ សាហាវព្រៃផ្សៃ មិនអាចសុំបន្ធូរបន្ថយទោស

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងស្នើទៅគណៈកម្មាធិការជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដាក់ឈ្មោះ «ស្រី ស៊ីណា» ទៅក្នុងបញ្ជីឧក្រិដ្ឋជន ដែលប្រព្រឹត្តទង្វើសាហាវព្រៃផ្សៃ ដែលមិនអាចស្នើសុំបន្ធូរបន្ថយទោសបានឡើយ។

នាឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅ មានភាពសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏វិស័យយុត្តិធម៌ មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយ ក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។

ឧបនាយករដ្ឋមន្ដ្រី បន្ដថា តែយ៉ាងណាក៏ដោយ ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះ ក្នុងបញ្ជីនៃការបន្ធូរបន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះ ជាទង្វើកាចសាហាវ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «បន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការ ដែលផ្ដន្ទាទោសជនល្មើសបានចូលជាស្ថាពរហើយនោះ ខ្ញុំ ក៏ទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេច ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមខ្ញុំ ជារដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការជាតិដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ខ្ញុំ នឹងស្នើសុំទៅគណៈកម្មាធិការជាតិ ដើម្បីដាក់ឈ្មោះជននេះ (ស្រី ស៊ីណា) ទៅក្នុងបញ្ជីគេហៅថា ឧក្រិដ្ឋជនសាហាវៗ ដែលមិនអាចទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានឡើយ»។

ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បន្ដថា ក្នុងករណីស្នើដាក់ «ស្រី ស៊ីណា» ក្នុងបញ្ជីឈ្មោះ ក្នុងឧក្រិដ្ឋជនសាហាវៗ គឺដើម្បីធានាថា អំពើសម្លាប់ដ៏សារហាវបែបនេះ ត្រូវតែទទួលរងការអនុវត្តទោសពន្ធនាគារ បានធ្ងន់ធ្ងរសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត។

សូមរំលឹកថា នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ មានករណីឃាតកម្មបាញ់ ប្រហារដ៏រន្ធត់មួយនេះ បង្កឡើងដោយខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង ២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង ២នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម៕