កម្ពុជាបេ្តជ្ញាចិត្តក្នុងការលើកកម្ពស់សមភាព Gender ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោករបស់ប្រទេសកាណាដា បានជួបពិភាក្សាពីការលើកកម្ពស់សមភាពយេនឌ័រ ដែលក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានលើកឡើងផងដែរនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបក្នុងការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា និងបានគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងឥតឈប់ឈររបស់កម្ពុជាក្នុងការថែរក្សាកេរ្តិ៍ដំណែលនេះ។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរពីការចូលរួមដ៏សកម្មរបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងសកម្មភាពមនុស្សធម៌នានា៕