ចិន ផ្តល់ជំនួយសង្រ្គោះបន្ទាន់ជាង៣០០លានដុល្លារ ដល់ទីក្រុងនានា​ ដែលរងការវាយប្រហារពីទឹកជំនន់

ប្រភព៖ Reuters

ប៉េកាំង៖ ចិនបានផ្តល់មូលនិធិសរុបជាង២.៣ពាន់លានយាន់ ឬស្មើនឹង៣១៦.៤លានដុល្លារអាមេរិក ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្រ្គោះ ការផ្តល់សម្ភារចាំបាច់បន្ទាន់ និងការរៀបចំផែនការ ស្របពេលគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ដែលបង្កឡើងដោយការធ្លាក់ភ្លៀងយ៉ាងជោកជាំ​អស់រយៈពេលជិត២សប្តាហ៍ បានបង្កការបំផ្លិចបំផ្លាញ នៅតាមផ្នែកមួយចំនួននៃប្រទេសចិន។

ក្រសួងហិញ្ញវត្ថុនិងក្រសួងគ្រប់គ្រងគ្រាអាសន្នចិន នៅថ្ងៃព្រហស្បតិ៍នេះ បានចេញមូលនិធិជំនួយទំហំ៤៩៦លានយាន់ទៀត សម្រាប់ខេត្តដូចជា Zhejiang, Anhui, Fujian, Jiangxi, Hubei, Hunan, Guizhou និង Guangdong ព្រមទាំងតំបន់ Guangxi។

បើតាម​ការគណនារបស់ Reuters ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថាប័នរដ្ឋាភិបាលចិន បានផ្តល់ថវិកាសរុបចំនួន២.៣៤៤​ពាន់លានយាន់ ទៅកាន់បណ្តាទីក្រុងនិងខេត្តផ្សេងៗ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្រ្គោះ ការរៀបចំផែនការ ក៏ដូចជាការផ្លាស់ទី អ្នកដែលរងគ្រោះ ដោយសារទឹកជំនន់៕