
សិង្ហបុរីព្រមានពីហានិភ័យធ្ងន់ធ្ងរ ក្រោយការកើនឡើងនៃករណីឆ្លងកូវីដ១៩ ក្នុងចំនួនដ៏ច្រើនលើសលប់
សិង្ហបុរី ៖ មន្ត្រីរដ្ឋាភិបាលសិង្ហបុរីបានព្រមានកាលពីថ្ងៃពុធថា ប្រព័ន្ធសុខាភិបាលរបស់សិង្ហបុរីកំពុងប្រឈមនឹងហានិភ័យ ក៏ដូចជាជួបវិបត្តិធ្ងន់ធ្ងរ ដោយសារការកើនឡើងនៃអ្នកជំងឺកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនលើសលប់ បន្ទាប់ពីរដ្ឋ-ទីក្រុងមួយនេះ បានពង្រីកការធ្វើដំណើរដោយមិនឲ្យធ្វើចត្តាឡីស័ក។
ការលើកឡើងនេះបានធ្វើឡើង១ថ្ងៃ បន្ទាប់ពីប្រទេសមួយនេះបានពង្រីកការធ្វើការដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កដល់អ្នកដំណើរដែលចាក់វ៉ាក់សាំងបានពេញដូសពីប្រទេសចំនួន ៨ ក្នុងនោះរាប់ទាំងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់គឺ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងផងដែរ
លោក Lawrence Wong អនុប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ សិង្ហបុរីបានលើកឡើងថា ស្ថានភាពបច្ចុប្បន្ននេះ យើងកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃប្រព័ន្ធសុខាភិបាលដែលត្រូវផ្ទុកអ្នកជំងឺដ៏ច្រើនលើសលប់។ លោកបញ្ជាក់ថា គ្រែសម្រាប់អ្នកជំងឺជិត៩០ភាគរយ នៅមន្ទីរពេទ្យពេញទៅដោយអ្នកជំងឺ ហើយជាង ២ ភាគ ៣ នៃគ្រែសង្គ្រោះបន្ទាន់ក៏ពេញដោយអ្នកជំងឺដូចគ្នាផងដែរ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងកាលពីថ្ងៃពុធថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន១៨នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុង១ថ្ងៃ និងមានករណីឆ្លងថ្មីចំនួន៣.៨៦២បន្ថែមទៀត ដោយជិតស្មើនឹងកំណត់ត្រាឆ្លងច្រើនបំផុតក្នុង១ថ្ងៃចំនួន ៣.៩៩៤ ករណី កាលពីពេលមុន៕