
អាមេរិក និងក្បាលម៉ាស៊ីនដឹកនាំក្រុមតាលីបង់ជួបជជែកពិភាក្សាទល់មុខគ្នាជាលើកដំបូង
កាតា ៖ មន្រ្តីរបស់សហរដ្ឋអាមេរិកបានធ្វើការជួបទល់មុខផ្ទាល់ជាមួយ ក្បាលម៉ាស៊ីនដឹកនាំរបស់អាហ្វហ្គានីស្ថាន គឺក្រុមតាលីបង់ គ្រាដែលជាការជួបជជែកពិភាក្សាទល់មុខគ្នានេះ គឺជាលើកដំបូង ចាប់តាំងពីក្រុងវ៉ាស៊ីនតោនបានដកទ័ពចេញអស់ជាស្ថាពរ កាលពីខែសីហា កន្លងទៅ។
សារព័ត៌មាន BBC បានចុះផ្សាយថា ការជួបប្រជុំរវាងមន្រ្តីតំណាងសហរដ្ឋអាមេរិក និងក្រុមតាលីបង់ បានប្រព្រឹត្តឡើងនៅប្រទេស កាតា។ កិច្ចប្រជុំផ្តោតសំខាន់ទៅលើក្រុមសកម្មប្រយុទ្ធ ក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលកំពុងប្រមូលផ្តុំគ្នាឡើងវិញជាបន្តបន្ទាប់។ មួយវិញទៀត សហរដ្ឋអាមេរិក ក៏បានលើកយកបញ្ហាជម្លៀសប្រជាជនខ្លួនដែលនៅសេសសល់ ចេញផងដែរ។
រដ្ឋមន្រ្តីការបរទេសតាលីបង់ Amir Khan Muttaqi បាននិយាយថា អាមេរិកនឹងជួយផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួមទាំងជំនួយមនុស្សធម៌ផ្សេងៗទៀត មកកាន់ប្រទេសអាហ្វហ្គានីស្ថាន។ តាលីបង់តែងតែចិញ្ចឹមចិត្តចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ប៉ុន្តែក្រុមរដ្ឋឥស្លាមមួយនេះបានព្រមានប្រទេសដទៃ គប្បីមិនត្រូវលូកដៃចូលរឿងផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថានឡើយ៕