អ្នកដំណើរមកពី ៤៥ប្រទេស អាចធ្វើដំណើរចូលប្រទេសថៃដោយមិនបាច់ធ្វើចត្តាឡីស័ក

បាងកក ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា អ្នកដំណើរមកពីប្រទេសចំនួន ៤៥ ដែលមានហានិភ័យទាប ពីការឆ្លងរាតត្បាតជំងឺ COVID-19 អាចចូលមកក្នុងប្រទេសថៃបាន ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១នេះ។

ប្រទេសចំនួន ៤៥ បូកនឹងទីក្រុងហុងកុងមួយទៀត ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះសម្រាប់តំបន់អាស៊ាន គឺមានប្រទេសកម្ពុជា, ប្រ៊ុយណេ, ម៉ាឡេស៊ី និងសិង្ហបុរី។ តែអ្នកដំណើរពីប្រទេសទាំងនោះ នឹងតម្រូវឲ្យធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19 ទាំងមុនពេលចេញដំណើរ និងបន្ទាប់ពីការហោះហើរមកដល់ប្រទេសថៃ។

ការបង្កើនចំនួនប្រទេសរហូតដល់ ៤៥ និងបូកថែមទីក្រុងស្វយ័តហុងកុង របស់ប្រទេសចិនថែមមួយទៀតនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថៃបានប្រកាសថា នឹងអនុញ្ញាតការធ្វើដំណើរ ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសនេះ តែពីសំណាក់ប្រទេសចំនួន ១០ប៉ុណ្ណោះ។

លោក ប្រា​យុទ្ធ ក៏​ធ្លាប់បាន​និយាយ កាលពី​សប្តាហ៍​មុន​ដែរ​ថា រដ្ឋាភិបាល​ថៃ​នឹង​បន្ធូរបន្ថយ​ការធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​ភ្ញៀវទេសចរ​មកពី ១០ ប្រទេស ដែល​ចាត់ទុកថា​មាន​ហានិភ័យ​ទាប​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នេះ​។ លោក​បន្តថា ប្រសិនបើ​យើង​រង់ចាំ​អ្វី​គ្រប់យ៉ាង​ឱ្យ​ល្អឥតខ្ចោះ​នោះ យើង​នឹង​យឺត​ពេល ហើយ​ភ្ញៀវទេសចរ​អាច​នឹង​ផ្លាស់ប្ដូរ​ចិត្ត​ទៅ​ប្រទេស​ផ្សេង ផងដែរ​។​

គួរ​បញ្ជាក់ថា ច្បាប់​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ឡើងវិញ តាមរយៈ​ការជំរុញ​វិស័យ​ទេសចរណ៍​របស់ខ្លួន​៕