
អភិបាលខេត្តអញ្ជើញចុះសំណេះសំណាលជាមួយអាជីវករផ្សារ និងពិនិត្យស្ថានភាពក្នុងក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសំណេះសំណាលអាជីវករ និងពិនិត្យមើលស្ថានភាព សោភ័ណភាពក្នុងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ឯកឧត្តម ថង សាវុន បានធ្វើការណែនាំដល់អង្គភាពពាក់ព័ន្ធ ពិសេសរដ្ឋបាលក្រុងសែនមនោរម្យត្រូវយកចិត្តទុកដាក់គិតគូរពីសោភ័ណ្ឌភាព បរិស្ថាន សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងសែនមនោរម្យ រៀបចំសំអាតបរិវេណសួនឧទ្យាន ចាប់ពីរូបសំណាកដំរីដែករហូតដល់វិមានឯករាជ្យ ។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង ត្រូវរៀបចំកន្លែងលក់ដូរថ្មីសមរម្យសម្រាប់អាជីវករដែលលក់ដូរតាមរទេះនៅជុំវិញបរិវេណរង្វង់មូលគោព្រៃ ដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណរង្វង់មូលនេះឱ្យមានសោភ័ណភាព សម្រាប់ទទួលភ្ញៀវទេសចរ ។
ដោយឡែកសម្រាប់ផ្សារក្រុងសែនមនោរម្យ ឯកឧត្តម ថង សាវុន បានស្នើដល់អាជីវករទាំងអស់ ត្រូវគិតគូរពីប្រយោជន៍រួម កុំដាក់តាំងទំនិញបន្លែបង្កានៅលើចំណីផ្លូវសាធារណៈ ចូលរួមវេចខ្ចប់សំរាមនិងរក្សាអនាម័យតាមកន្លែងលក់រៀងៗខ្លួន ធ្វើយ៉ាងណាឲ្យផ្សាររបស់យើងមានសោភ័ណ្ឌភាព របៀបរៀបរយល្អ ។ ម៉្យាងទៀតអាជ្ញាធរក្រុង និងផ្នែកពាក់ព័ន្ធ ត្រូវចូលរួម សម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗដែលអាជីវករស្នើរសុំអោយបានទាន់ពេលវេលា ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយអាជីវករលក់ដូរក្នុងផ្សារសែនមនោរម្យ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 សូមអញ្ជើញទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីការពារអាយុជីវិតរបស់បងប្អូន ៕ ដោយ ៖ ផែង ផល្លិត