
ក្រុមហ៊ុន AstraZeneca ទទួលជោគជ័យលើការសាកល្បងថ្នាំព្យាបាលកូវីដ
ឡុងដ៍ ៖ ថ្នាំព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនផលិតឱសថរបស់ប្រទេសអង់គ្លេស AstraZeneca (AZN.L) បានធ្វើការសាកល្បងព្យាបាលដោយទទួលបានជោគជ័យ ក្នុងការទប់ស្កាត់ជំងឺមិនឲ្យវិវត្តទៅជាធ្ងន់ធ្ងរ ឬការស្លាប់សម្រាប់អ្នកជំងឺដែលឆ្លងនូវវីរុសនេះ។ ដែលនេះជាការសាកល្បង និងសិក្សានៅដំណាក់កាលចុងក្រោយ។
ថ្នាំមួយនេះមានឈ្មោះថា AZD7442 ជាថ្នាំដែលអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តរបស់ជំងឺទៅរកសភាពធ្ងន់ធ្ងរ ឬស្លាប់បាន ៥០ ភាគរយ ចំពោះអ្នកជំងឺដែលចេញរោគសញ្ញារយៈពេល ៧ ថ្ងៃដំបូង ឫតិចជាងនេះ។
លោក Hugh Montgomery ជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថ របស់ក្រុមហ៊ុន AstraZeneca បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការសាកល្បងគឺមានភាពវិជ្ជមាន ដោយថ្នាំនេះបានបញ្ចេញអង់ទីគ័រ ដែលអាចជួយកាត់បន្ថយការវិវត្តនៃជំងឺទៅរកសភាពធ្ងន់ធ្ងរ ហើយសម្រាប់ថាមពលនៃការការពាររបស់វាមានរយៈពេលជាង ៦ ខែ។
ជាមួយគ្នានេះ ក្រុមហ៊ុន AstraZeneca ក៏កំពុងតែអភិវឌ្ឍន៍ថ្នាំលាយផ្សេងទៀត ដើម្បីការពារមនុស្សដែលមិនមានប្រព័ន្ធភាពស៊ាំខ្លាំង ពីការចាក់វ៉ាក់សាំងការពារកូវីដរួចរាល់ទាំង ២ ដូស។ ទន្ទឹមនោះ ក្រុមហ៊ុនក៏បានស្នើសុំការយល់ព្រមជាបន្ទាន់មួយ ពីនិយតករអាមេរិកសម្រាប់ការប្រើប្រាស់ថ្នាំនេះ កាលពីសប្តាហ៍មុន ផងដែរ៕