ឧក្រិដ្ឋកម្មកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់បន្តកើតមានគ្មានការទប់ស្កាត់
ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋបានរាយការណ៍ថា យ៉ាងហោចណាស់មានគោយន្តកន្ត្រៃប្រមាណ១០០គ្រឿងក្នុងមួយថ្ងៃៗ បានធើ្វសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្របស្វាយ និងចែម៉ែ ស្ថិតក្នុងឃុំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងគក្រឹកគគ្រេង។
ក្រោយពីទទួលបានព័ត៌មាននេះ និងក្រោយពីបែកធ្លាយថា មានអ្នកគៀងគរប្រជាពលរដ្ឋចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ ដើម្បីយក មកលក់ឲ្យឈ្មួញជ្រកក្រោមស្លាក ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច Ci-Biotech ស៊ីបាយអូរថេច នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកសារព័ត៌មានមួយក្រុមក៏បានធ្វើដំណើរចុះទៅដល់ទីតាំងខាងលើ ហើយប្រទះឃើញមានគោយន្តកន្ត្រៃជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់យ៉ាងគគ្រឹកគគ្រេង ហាក់ដូចជាមិនញញើតពីការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច ឬកម្លាំងមន្ត្រីជំនាញទាល់តែសោះ។
បើតាមការប្រាប់ឲ្យដឹងពីក្រុមអ្នកដឹកឈើខាងលើថា ពួកគេដឹកយកទៅលក់ឲ្យក្រុមហ៊ុន Ci-Biotech ស៊ីបាយអូរថេច ក្នុងតម្លៃ១០០ ដុល្លារ ឬ៤០ម៉ឺនរៀល ក្នុងមួយម៉ែត្រគូប ប៉ុន្តែការលើកឡើងពីសំណាក់ក្រុមអ្នកដឹកជញ្ជូនឈើខាងលើនេះ អង្គភាព “ភ្នំពេញដេលី” Phnom Penh daily Media មិនអាចស្វែងរកសុំការបំភ្លឺបញ្ជាក់ពីក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន Ci-Biotech ស៊ីបាយអូរថេច បានទេគិតត្រឹមម៉ោងផ្សាយនេះ ព្រោះពុំមានលេខទូរស័ព្ទ។
លោក សាំង សុខន ប្រធានស្នាក់ការដែនជម្រកសត្វព្រៃឡង់ (ស្នាក់ការកំពតគយ) មិនអាចសុំការអត្ថាធិប្បាយបានទេ ពាក់ព័ន្ធសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ព្រោះទូរស័ព្ទរបស់លោកចូលតែពុំមានអ្នកទទួល។ ចំណែកលោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានប្រាប់ដល់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញថា លោកមិនបានដឹងពីបញ្ហានេះ ស្អែកលោកនឹងចុះទៅខ្លួនឯង។
ដោយឡែក ឯកឧត្តម នេត ភ័ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក៏ដូចជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏មិនអាចសុំការពន្យល់បានដែរ តាមប្រព័ន្ធតេឡេក្រាម Telegram ពាក់ព័ន្ធឧក្រិដ្ឋកម្មកាប់បំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ ព្រោះពុំមានការឆ្លើយតប។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោយមានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មានថា មានមនុស្សរបស់ក្រុមហ៊ុន Ci-Biotech ស៊ីបាយអូរថេច គៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងតំបន់ព្រៃឡង់ គេសង្កេតឃើញមានកងកម្លាំងអាវុធហត្ថ និងកម្លាំងមន្ត្រីបរិស្ថាន បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាប ប៉ុន្តែក្រុមអ្នកកាប់ឈើហាក់ដូចជាដឹងខ្លួនមុន ហើយក៏បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់តែម្តង។ ប៉ុន្តែរឿងដែលចម្លែកនោះគឺថា មិនបានប៉ុន្មានថ្ងៃផងឧក្រិដ្ឋកម្មកាប់បំផ្លិចបំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ត្រង់ចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្របស្វាយ និងចែម៉ែ ក៏ចាប់ផ្តើមកក្រើកឡើងវិញ និងមានការដឹកជញ្ជូនតាមរយៈគោយន្តកន្ត្រៃដូចគេហែកឋិនជារៀងរាល់ថ្ងៃ រីឯសមត្ថកិច្ច និងមន្ត្រីជំនាញបែរជាមានភាពស្ងប់ស្ងៀមនាំគ្នាដេកលក់យ៉ាងរំភើយទៅវិញ។
ជាមួយគ្នានេះមានការអំពាវនាវដល់ គណៈកម្មាការបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាក្រសួងបរិស្ថាន គួរតែមានវិធានការទប់ស្កាត់ ឬបង្ក្រាបជាបន្ទាន់ បើមិនដូច្នេះទេ មិនយូរមិនឆាប់ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នឹងរងការវិនាសអន្តរាយអស់ជាក់ជាមិនខានឡើយ៕ ដោយ ៖ ផល្លិត (ហៅរ៉ា)