
មេដឹកនាំជាន់ខ្ពស់ក្រុមភេរវករអាល់កៃដាម្នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ីរី
បរទេស ៖ មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមភេរវករអាល់ដៃកា លោក Abdul Hamid al-Matar ត្រូវបានសម្លាប់ នៅក្នុងទឹកដីប្រទេសស៊ីរី កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយការវាយប្រហារយន្តហោះដ្រូន ពីយោធាអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។
អ្នកនាំពាក្យ CENTCOM លោក Maj. Rigsbee បាននិយាយ កាលពីថ្ងៃសុក្រថា ការវាយប្រហារតាមរយៈយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រភេទ MQ-9 Reaper របស់អាមេរិក នៅភាគពាយព្យប្រទេសស៊ីរី បានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមអាល់កៃដាលោក Abdul Hamid al-Matar ប៉ុន្តែមិនបានបង្កឲ្យជនស៊ីវិលណាម្នាក់រងរបួសក្នុងការវាយប្រហារនោះទេ។
លោក បៃដិន បាននិយាយថា សព្វថ្ងៃនេះការគំរាមកំហែងពីភេរវករបានរីករាលដាលយ៉ាងធំធេងហួសពីការស្មាន ដូចជាក្រុម al-Shabaab នៅប្រទេសសូម៉ាលី, ក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ (AQQP), ក្រុម al-Nusra នៅស៊ីរី, ក្រុម ISIS ព្យាយាមបង្កើតការិយាល័យព្រះចៅកាលីហ្វាតនៅស៊ីរី និងអ៊ីរ៉ាក់ ក៏ដូចជាបង្កើតសាខានៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក និងអាស៊ីផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើនេះ បានកើតមានឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមូលដ្ឋានត្រួតពិនិត្យមួយរបស់សហរដ្ឋអាមេរិក ស្ថិតនៅភាគខាងត្បូងប្រទេសស៊ីរី បានរងការវាយប្រហារ។ ជុំវិញហេតុការណ៍នេះ លោក John Rigsbee មិនបានបញ្ជាក់នោះឡើយថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារដោយយន្តហោះដ្រូន ជាការសងសឹក ឬមួយក៏យ៉ាងណានោះ៕