
មនុស្ស៧នាក់ស្លាប់ ក្នុងការវាយប្រហារនៅជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
ដាកា ៖ ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារលើថ្នាក់រៀនអ៊ីស្លាមមួយកន្លែង នៅក្នុងជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅតាមព្រំដែនបង់ក្លាដែស-មីយ៉ាន់ម៉ាបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧ នាក់ស្លាប់។
មេប៉ូលិសប្រចាំនៅតំបន់នោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃសុក្រថា ក្រុមអ្នកវាយប្រហារបានប្រើកាំភ្លើងបាញ់សម្លាប់ជនរងគ្រោះមួយចំនួន និងប្រើកាំបិតចាក់លើជនរងគ្រោះមួយចំនួនទៀតផងដែរ។ ទីភ្នាក់ងារដដែល បានរាយការណ៍ថា មនុស្ស៤នាក់ស្លាប់ភ្លាមៗនៅក្នុងការវាយប្រហារនោះ និង៣នាក់ផ្សេងទៀតស្លាប់ នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងជំរុំ Balukhali។ ចំណែក ប៉ូលិសនៅមិនទាន់បញ្ជាក់ថាមានមនុស្សប៉ុន្មាននាក់បានរងរបួសនៅឡើយទេ។
លោក Shihab Kaisar Khan ប្រធានតំបន់នៃកងវរសេនាតូចប៉ូលីសប្រដាប់អាវុធ បាននិយាយថា យើងបានចាប់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុបានកើតឡើង។លោកបានបន្ថែមថា ជនសង្ស័យម្នាក់នោះត្រូវបានរកឃើញមាន កាំភ្លើងមួយដើម គ្រាប់រំសេវចំនួន ៦ និងកាំបិត ១ ដើមផងដែរ។
សូមជម្រាបថា ការវាយប្រហារនេះបានកើតឡើង ស្របពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមេដឹកនាំសហគមន៍រ៉ូហ៊ីងយ៉ា លោក Mohibullah ត្រូវបានបាញ់សម្លាប់នៅខាងក្រៅការិយាល័យរបស់លោក ក្នុងជំរុំធំ កាលពី ៣ សប្តាហ៍មុន៕