
សភាបោះឆ្នោតផ្តល់ការគាំទ្រឯកឧត្តម ប៉ា សុជាតិវង្ស ជាសមាជិកថ្មីនៃរាជរដ្ឋាភិបាលឋានៈជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជាបានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិ អតីតអភិបាលរាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបាន១១០សំឡេង ក្នុង១១១សំឡេង និងមោឃៈ១សំឡេង។
ការបោះឆ្នោតផ្តល់ឋានៈជាទេសរដ្ឋមន្ត្រី ជូនឯកឧត្តម ប៉ា សុជាតិវង្ស នាព្រឹកនេះ ធ្វើឱ្យសមាជិករាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ឋានៈជាទេសរដ្ឋមន្ត្រី មានចំនួនសរុប១៦នាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជ្រើសតាំងឯកឧត្តម ប៉ា សុជាតិវង្ស ជាសមាជិកបន្ថែមរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
សូមជម្រាបថា ឯកឧត្តម ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ, អភិបាលរងរាជធានីភ្នំពេញ, អភិបាលរងខេត្តបាត់ដំបង, អភិបាលរងខេត្តកំពង់ធំ, អភិបាលខណ្ឌដូនពេញ និងជាអនុប្រធានគណៈឃោសនាអប់រំក្រុងភ្នំពេញ សម័យសាធារណរដ្ឋកម្ពុជាផងដែរ៕