រដ្ឋសភាអនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលទាំង៤

ភ្នំពេញ ៖​ រដ្ឋសភាបានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី  មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលជាតិចំនួន៤រូប ដូចជា ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ការសម្រេចអនុម័តរបស់រដ្ឋសភា មានសំឡេងគាំទ្រពីសមាជិក-សមាជិការដ្ឋសភាចំនួន១១១/១១១សំឡេង។

សម័យប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមដោយសមាជិកនានារបស់រដ្ឋសភាចំ នួន១១១រូប។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលជាអ្នកផ្តួចផ្តើមបង្កើតច្បាប់នេះ និងតំណាងក្រសួងពាក់ព័ន្ធ ក៏នឹងចូលរួមកិច្ចប្រជុំផងដែរ៕