
អភិបាលរាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោតត្រូវប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ០៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ និងដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយទប់ទំនប់សណ្ដស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដែលស្ថានភាពទឹកកំពុងបន្តហក់ឡើងខ្លាំង។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ព្រោះទឹកអាចនឹងឡើងខ្ពស់បណ្តាលឱ្យជន់លិចលង់ភូមិដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាឱ្យមន្ទីរធនធានទឹកនិងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាធ្វើការងារនេះ ជាមួយមន្ទីរពាក់ព័ន្ធរបស់ខេត្តកំពង់ស្ពឺ ដើម្បីទប់ស្កាត់ឱ្យបាននូវគ្រោះមហន្តរាយនេះ។ ឯកឧត្តមថា ទាំងអាជ្ញាធររាជធានីភ្នំពេញទាំងអាជ្ញាធរខណ្ឌបសង្កាត់ និងមន្ទីរពាក់ព័ន្ធគឺយើងបានធ្វើកិច្ចការងារនេះយ៉ាង សកម្មដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ បណ្ដាលមកការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនេះ។
បន្ថែមពីលើនេះទៀត ឯកឧត្តមក៏បានស្នើសុំទៅកម្លាំង កងអង្គរក្ស នូវកម្លាំងប្រមាណ៥០០នាក់ ដើម្បីជួយអន្តរាគមន៍ធ្វើការងារនេះផងដែរ។ ក្រៅពីនេះក្រសួងធនធានទឹក ក៏បានដល់នូវអេស្កាវ៉ាទ័រចំនួន១៥គ្រឿងដាក់លើទីតាំងនេះផងដែរដើម្បី ទប់ទំនប់ ទប់ស្កាត់នូវការលិចលង់នេះ។
ឯកឧត្តមបញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនៅតាមស្ទឹងតាមតំបន់ភ្នំ វាពិតជាមិនងាយស្រួលគ្រប់គ្រងបាន ដូចទឹកទន្លេជន់លិចនោះទេ ។ ការបើកទ្វារទឹកនៅខេត្តកំពង់ស្ពឺនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោ បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹងនេះឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់ថ្ងៃទី២៦ និងថ្ងៃទី២៧ តុលាខាងមុខនេះ ចំណែកអាជ្ញាធរគឺនៅជាប់ជានិច្ចជាបងប្អូនប្រជាពលរដ្ឋ បានន័យថា មានហានិភ័យអ្វីគឺយើងអាចជួយពួកគាត់បានភ្លាមៗ៕