មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖​ នៅកម្ពុជាមានស្វាកន្ទុយសប្រមាណ២ម៉ឺនក្បាល

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វស្វាកន្ទុយសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក។ គេមិនមានរបាយការណ៍សត្វស្វាកន្ទុយសសរុបនៅលើពិភពលោកទេ ប៉ុន្តែមិននៅសេសល់ច្រើននោះឡើយ។

បើតាមឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា តាមទិន្នន័យ ស្វាកន្ទុយសនៅកម្ពុជាបច្ចុប្បន្នមានចំនួនប្រមាណជាង ២ ម៉ឺនក្បាល ហើយវត្តមានរបស់សត្វកន្ទុយសនេះច្រើនជាងគេគឺនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីដែលតាមការសិក្សាមានចំនួន ៦.៧៥៦ក្រុម។ ដោយមានការអភិរក្សបានល្អ និងការអនុវត្តច្បាប់តឹងរ៉ឹង ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ចំនួនសត្វស្វាកន្ទុយសនៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាមាន ស្ថេរភាព។ ក្រៅពីស្វាកន្ទុយស កម្ពុជាមានប្រភេទពានរដែលជិតផុតពូជផ្សេងទៀយលើពិភពលោកដូចជា ទោចថ្ពាល់លឿង ស្វាអង្កត់ ស្វាព្រាម ស្វាក្តាម ជាដើម៕