ថៃ​បន្តរកឃើញអ្នក​ឆ្លង​កូ​វីដ-១៩ ថ្មីៗ​ចំនួន ៧.៧០៦ករណីទៀត និង​ស្លា​​ប់៦៦នាក់ក្នុងរបាយការណ៍ថ្ងៃនេះ​

បាងកក ​៖ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រសួងសុខាភិបាល​ថៃ​បានប្រកាសបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ ១៩ ចំនួន ៧.៧០៦ ករណី និង​មាន​អ្នកស្លាប់​ចំនួន៦៦នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ម៉ោងចុងក្រោយនេះ​។​ នេះបើយោងតាមសារព័ត៌មាន Bangkok Post។

ក្រសួងសុខាភិបាល​ថៃបានបញ្ជាក់ថា នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន ៩.៥៣២ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ១.៨៣៨.០០០ នាក់​ដែល​ក្នុងនោះ ១.៧២២.៤២២ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៧៧១ នាក់​ក្នុងកំឡុងពេល​រលក​ទី ៣ និង ១៨.៨៦៥ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕