ខណៈនេះសម្តេចតេជោ ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងដឹកនាំមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន រួមនិងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២១នេះ មានប្រទេសព្រុយណេ ជាម្ចាស់ផ្ទះ តែដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យមេដឹកនាំប្រទេសពាក់ព័ន្ធកិច្ចប្រជុំទាំងអស់ មិនអាចចូលរួមដោយផ្ទាល់នោះឡើយ ហើយត្រូវជំនួសតាមប្រព័ន្ធវីដេអូវិញ។

បើតាមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា កិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃ គឺពីថ្ងៃ២៦ ដល់ថ្ងៃ២៨ តុលា ២០២១ ហើយនៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨តុលាខាងមុខនេះកម្ពុជានឹងទទួលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ។

យោងតាមក្រសួងការបរទេស បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំដូចខាងក្រោម ៖
– ប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩
– កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២២
– កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩
– កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៤
– កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អូស្រ្ដាលី លើកទី១
– កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៤
– កិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦
– កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៨
– កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៉ី លើកទី៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី៕