ទីតាំងបញ្ជល់មាន់របស់ឈ្មោះ ហាច នៅស្រុកចំការលើដំណើរការវិញហើយ

ខេត្តកំពង់ចាម បើតាមសេចក្តីរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិនា ឆ្នាំ២០២២ មុននេះបន្តិចបានឲ្យដឹងថា ទីតាំងបញ្ជល់មាន់បង្កប់អាប៉ោងដ៏ធំមួយកន្លែងរបស់ឈ្មោះ ហាច នៅចំណុចចំការស្វាយចន្ទី ផ្ទះតាប៉ុម ស្ថិតក្នុងភូមិអណ្តូងភ្នំ ឃុំចម្ការអណ្តូង ស្រុកចំការលើខេត្តកំពង់ចាម បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងបញ្ជល់មាន់ខាងលើនេះបានបើកដំណើរការប្រកួតក្នុងមួយសប្តាហ៍ចំនួន៤ថ្ងៃគឺ ថ្ងៃអង្គារ , ពុធ , សុក្រ ,និង សៅរ៍ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗ មានមនុស្សចូលរួមប្រកួតច្រើនកុះករ ប្រឆាំងគោលការណ៍៩ចំណុចភូមិឃុំមានសុវត្ថិភាព ប៉ុន្តែមិនដឹងថា តើលោកមេឃុំចម្ការអណ្តូង និងលោកអភិបាលស្រុកចំការលើ បានដឹងពីព័ត៌មាននេះដែរ ឬយ៉ាងណានោះទេ។

ពាក់ព័ន្ធសេចក្តីរាយការណ៍ពីទីតាំងបញ្ជល់មានខាងលើនេះដែរ លោកមេឃុំចម្ការអណ្តូង ក៏ដូចជាលោកអភិបាលស្រុកចំការលើលោកអធិការនគរបាលស្រុក និងមេបញ្ជាការអាវុធហត្ថស្រុក អង្គភាពភ្នំពេញដេលី” Phnom Penh Daily news (ppd-news.net) មិនអាចស្វែងរកដើម្បីសុំការបំភ្លឺបានទេ ព្រោះពុំមានលេខទូរស័ព្ទ។

ប៉ុន្តែទោះជាយ៉ាងណា ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរខេត្តកំពង់ចាម ជ្រាបជាដំណឹង និងចាត់វិធានការចុះបង្ក្រាបលប់បំបាត់ល្បែងសុីសងកុំឲ្យកើតមានក្នុងមូលដ្ឋាន៕ ដោយ សហការី