សូមរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្ដមអភិបាលខេត្តកំពង់ចាម ទីតាំងបញ្ជល់មាន់នៅស្រុកចំការលើរបស់ឈ្មោះ ហាច ហៅ (ឧកញ៉ា ហាច) បើកដំណើរការឡើងវិញហើយ

ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បានប្រាប់ដល់អង្គភាពសារព័ត៌មាន “ភ្នំពេញដែលី” Phnom Penh Daily Media កាលពីថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ថា មានទីតាំងបញ្ជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងនៅចំណុចចំការស្វាយ ហៅ (ចំណុចតាប៉ុម) ស្ថិតក្នុងភូមិអណ្តូងភ្នំ ឃុំចម្ការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាមបានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីត្រូវបានផ្អាករើកញ្ជើទៅលេងនៅស្រុកស្ទឹងត្រង់មួយរយៈពេលខ្លី។

សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ខាងលើនេះគឺជារបស់ឈ្មោះ ” ហាច ” ហៅ (ឧកញ៉ា ហាច) បានបើកដំណើរការប្រកួតក្នុងមួយសប្តាហ៍ចំនួន៤ថ្ងៃគឺ ថ្ងៃអង្គារ, ពុធ, សុក្រ និង សៅរ៍ ចាប់ពីម៉ោង១១ ៖ ០០ថ្ងៃត្រង់រហូតដល់ល្ងាច ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗ និងមានមនុស្សចូលរួមប្រកួតយ៉ាងច្រើនកុះករ ប៉ុន្តែមិនដឹងថា តើលោកមេឃុំចម្ការអណ្តូង ក៏ដូចជាលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ ពិសេសលោកវរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានដឹងពីព័ត៌មាននេះដែរ ឬយ៉ាងណានោះទេ ទើបទីតាំងបញ្ជល់មាន់របស់ឈ្មោះ “ហាច” ហៅ (ឧកញ៉ា ហាច) បន្តបើកដំណើរការប្រកួតយ៉ាងសុខស្រួលមិនខ្លាចពីការចុះបង្ក្រាបរបស់សមត្ថកិច្ច។

ពាក់ព័ន្ធទីតាំងបញ្ជល់មាន់នៅចំណុចខាងលើនេះដែរ លោកមេឃុំចម្ការអណ្តូង ក៏ដូចជាលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើ មិនអាចសុំការបញ្ជាក់បានទេ គិតត្រឹមម៉ោងផ្សាយនេះ ព្រោះពុំមានលេខទូរស័ព្ទ។

ដោយឡែកលោក វរសេនីយ៍ទោ ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើបានប្រាប់ដល់អង្គភាពសារព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily news (ppd-news.net) នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ នេះថា ក្រោយពីទទួលបានព័ត៌មានពីទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះ លោកបានចាត់ឲ្យកម្លាំងចុះទៅស្រាវជ្រាវបន្ទាន់ ប៉ុន្តែរកមិនឃើញ។

ទោះជាយ៉ាងណា ដើម្បីអនុវត្តនូវគោលការណ៍៩ចំណុច ភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងលប់បំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ព័ត៌មាននេះចាត់ទុកជាសេចក្តីរាយការណ៍ជូនដល់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជ្រាបជាដំណឹង ដើម្បីមានវិធានការចុះបង្ក្រាប៕ ដោយ ៖ សហការី