ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះ គុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប

ភ្នំពេញ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសងួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលើកឡើងថា ក្នុងតំបន់ខ្ពង់រាបភាគនិរតី ឧត្តរ និងបូព៌ានៃប្រទេសកម្ពុជា មានធនធានដីប្រមាណជា ៨,១២ លានហិកតា បាននិងកំពុងប្រើប្រាស់សម្រាប់ដាំដុះដំណាំកសិកម្ម ស្របពេលកំពុងប្រឈមនឹងភាពងាយរងគ្រោះដោយសារការហូរច្រោះ សឹករេចរិល ក្នុងនោះភាគនិរតីមានប្រមាណ ០,៤៩ លានហិកតា ងាយរងគ្រោះដែលបង្កឲ្យមានហានីភ័យបំផុតដល់ដំណាំកសិកម្មនៅពេល អនាគត។

ឯកឧត្តមបន្តថា ការធ្លាក់ចុះគុណភាពដីកសិកម្ម បានធ្វើឱ្យប្រទេសកម្ពុជាខាតបង់តម្លៃសេដ្ឋកិច្ចប្រមាណជា ៦៧៧លានដុល្លារ ក្នុងឆ្នាំ២០១៧ ឬប្រហែលជា ៣% នៃផលិតផលសរុបក្នុងស្រុក (GM/UNCCD, 2018)។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់កសិករ ក៏ដូចជារាជរដ្ឋាភិបាល ព្រោះវាបានជះឥទ្ធិពលជាអវិជ្ជមានលើផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តទៀតថា ទឹកជំនន់ ភាពរាំងស្ងួតធ្ងន់ធ្ងរ និងការអូសបន្លាយពេលយូរអង្វែង សំណឹកដីដោយសារឥទ្ធិពលខ្យល់ និងភ្លៀង គឺជាកត្តាធម្មជាតិដែលបង្កឱ្យដីស្រទាប់លើសឹករេចរិល និងធ្លាក់ចុះ ឬបាត់បងគុណភាពដីតែម្តង។ កត្តាធម្មជាតិ រួមផ្សំជាមួយនឹងកត្តាមនុស្ស នាំឲ្យដីបាត់បង់សមត្ថភាពផលិតរបស់ខ្លួនទាំងស្រុង ហើយនៅទីបំផុតវានឹងប្រែក្លាយទៅជាដីវាលរហោស្ថាន ហើយពិតណាស់នឹងបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការដាំដំណាំគម្របដីដោយប្រើប្រាស់ពពួកគ្រួសារសណ្តែក ដូចជាដំណាំសណ្តែកបាយ គឺជាវិធីសាស្ត្រដ៏សមស្របមួយក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេស ដីដែលងាយ ឬរងនូវការរេចរឹលជីជាតិដី។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកបាយក៏ជាប្រភេទដំណាំសេដ្ឋកិច្ចមួយ ហើយក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ច និងអាហារូបត្ថម្ភសម្រាប់គ្រួសារកសិករផងដែរ។ ដូច្នេះ ការដាំដំណាំសណ្តែកបាយជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បង គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយលើកកម្ពស់គុណភាពជីជាតិដី ជួយកាត់បន្ថយការបាត់បង់ជីជាតិដី និងការហូរច្រោះ។

ផ្អែកលើមូលហេតុ និងអត្ថប្រយោជន៍ខាងលើ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំធ្វើចម្ការបង្ហាញស្តីពី “ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពស់រាប” ដោយជ្រើសយកខេត្តកោះកុង ជាខេត្តសម្រាប់រៀបចំចម្ការបង្ហាញជូនដល់កសិករ និងអ្នកប្រើប្រាស់ធនធានដីទាំងអស់។ គោលបំណងចម្បងនៃការធ្វើចម្ការបង្ហាញនេះ គឺដើម្បីបង្ហាញជាក់ ស្តែងអំពីវិធីសាស្រ្តវាស់វែងការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីដើម្បីកាត់បន្ថយការហូរច្រោះដីនៅតំបន់ទីជម្រាលតាមរយៈ ១. ការបញ្ជ្រាបបច្ចេកទេសដាំដុះដំណាំសណ្តែកបាយ នៅតាមចន្លោះជួរដំណាំពោតដែលជាដំណាំចម្បង និង ២. ការបញ្រ្ជាបបច្ចេកទេសកាត់បន្ថយការ បាត់បង់ជីជាតិដីតាមរយៈការដាំដុះដំណាំសណ្តែកបាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរដំណាំពោត។

លទ្ធផលទទួលបានពីការស្រាវជ្រាវបានបង្ហាញថា កម្ពស់ទឹកភ្លៀងសរុបប្រចាំឆ្នាំ២០១៩ ក្នុងខេត្ត កោះកុងមានចំនួន ៤ ៣០៣ ម.ម កម្រិតកម្ពស់ទឹកភ្លៀងខ្ពស់មាននៅក្នុងខែសីហា និងកញ្ញា ក្នុងនោះបរិមាណទឹកភ្លៀងខ្ពស់បំផុតមានក្នុងខែសីហា (១ ០៥៤ ម.ម) ហើយនៅខែបន្ត បន្ទាប់ កម្រិតកម្ពស់ទឹកភ្លៀងបានធ្លាក់ចុះ។ នៅក្នុងខែកក្កដា បរិមាណដីហូរច្រោះមានកម្រិតខ្ពស់ គឺស្ថិតក្នុងចន្លោះពី ៣១ គ.ក្រ ដល់ ៨៣ គ.ក្រ ក្នុងមួយប្លង់ចម្ការ (២០០ម២) ហើយបានធ្លាក់ចុះទាប នៅក្នុងខែបន្តបន្ទាប់។ ចាប់ពីខែសីហាទៅដល់ខែតុលា បរិមាណជីវម៉ាសពោតនិងសណ្តែក បាយមានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យបរិមាណដីហូរច្រោះបែរជាថយចុះមក វិញ។ ចម្ការដែលមានកម្រិតជម្រាលទាបជាង (១°៤២’) មានបរិមាណដីហូរច្រោះតិចជាងចម្ការដែលកម្រិតជម្រាលខ្ពស់ជាង (១៣°៤៧’)។ ចម្ការដែលដាំដុះតាមបច្ចេកទេស (ដាំសណ្តែក បាយជាដំណាំគម្របដី) បានជួយកាត់បន្ថយបរិមាណដីហូរច្រោះចេញជាមធ្យមចំនួន៣០% ធៀបនឹងចម្ការកសិករដែលមិនបានដាំសណ្តែកបាយជាដំណាំគម្របដី។ បច្ចេកទេសដាំពោត ជាជួរភ្លោះ បានជួយបង្កើនទិន្នផលដើមពោត និងចំនួនផ្លែពោតចំនួន១០០% និង ១៦០% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។ ទន្ទឹមនឹងនេះដែរ បច្ចេកទេស ដាំពោតជាជួរភ្លោះក៏បាន ជួយបង្កើនទិន្នផលផ្លែពោតទុំ ទិន្នផលគ្រាប់ពោតទុំ និងទិន្នផលជីវម៉ាសពោតស្ងួតចំនួន ២២៩% ២៤២% និង២១៧% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។

ជារួម បរិមាណដីហូរច្រោះចេញពីចម្ការមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយបច្ចេកទេសដាំដុះ កម្រិតជម្រាល ចម្ការ កម្រិតលូតលាស់របស់ដំណាំឬជីវម៉ាសដំណាំ និងកម្ពស់ទឹកភ្លៀង។ កម្រិតនៃការហូរច្រោះដីចេញពីចម្ការមានច្រើនបំផុតក្នុងខែកក្កដា និងសីហា នៅពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយជីវម៉ាសដំណាំមានតិចតួចនៅឡើយ។ ការដាំសណ្តែកបាយជាដំណាំគម្របដីបានជួយកាត់បន្ថយបរិមាណដីហូរច្រោះចេញពីចម្ការជាមធ្យមចំនួន៣០% ធៀប នឹងចម្ការកសិករដែលមិនមានដំណាំគម្របដី។ បច្ចេកទេសដាំពោតជាជួរភ្លោះជាមួយការដាក់ជី និងដាំដំណាំគម្របដីបានជួយបង្កើនទិន្នផលពោតលើសពីការដាំតាមទម្លាប់កសិកររហូតដល់ទៅ១៦០%។ ដូចនេះ ការអនុវត្តល្អលើការគ្រប់គ្រងដី និងគុណភាពដី និងបច្ចេកទេសដាំដុះបានជួយកាត់បន្ថយការហូរ ច្រោះដី បានបង្កើនការលូតលាស់ដំណាំ និងការបង្កើនទិន្នផលដំណាំពោតនៅតំបន់ទីជម្រាល។

នាពេលអនាគត នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នឹងធ្វើការសិក្សាបន្ថែមទៀតលើការកាត់ បន្ថយការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីនៅតំបន់ទីជម្រាលដើម្បីទទួលបានទិន្នន័យកាន់តែសុក្រឹត្យថែមទៀត ជាពិសេសការបាត់បង់បរិមាណដីក្នុង១ហិកតា ការបាត់បង់សារធាតុចិញ្ចឹមក្នុងដី ការធ្លាក់ចុះគុណភាព និងសុខភាពដី និងតម្លៃសេដ្ឋកិច្ចនៃការធ្លាក់ចុះគុណភាពដី៕