
ឯកឧត្តម គង់ គឹមនី អញ្ជើញដឹកកិច្ចប្រជុំស្តីពីពិនិត្យបច្ចុប្បន្នភាព លទ្ធផលការងារបច្ចេកទេសយានយន្ត និងបញ្ហាប្រឈមនានា
ខេត្តក្រចេះ ៖ នារសៀលថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តថ្នាក់ខេត្តតំណាងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ពិនិត្យលទ្ធផលការងារបច្ចេកទេសយានយន្ត និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់រដ្ឋ និងបញ្ហាប្រឈមនានា ដែលមានពីរស្ថានីយ គឺស្ថានីយមានជ័យ និងស្ថានីយកាំពី នៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តក្រចេះ។
ក្នុងអង្គប្រជុំនេះផងដែរបានប្រព្រឹត្តទៅនៅបរិវេណសាលាស្រុកស្នួលដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកស្នួល លោកប្រធានមន្ទីរសាធារណការខេត្ត កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធជារូបទៀត។
ឯកឧត្តម គង់ គឹមនី បានមានប្រសាសន៏ថា ដើម្បីជាប្រយោជន៍រួម ក៏ដូចប្រយោជន៍សាធារណៈ និងនិយាយដោយឡែកជាប្រយោជន៍ជាតិ យើងទាំងអស់គ្នា យើងគប្បីចូលរួមអភិរក្ស ថែរក្សាសម្បត្តិជាតិទាំងអស់នេះនៅតាមផ្នែកនីមួយៗ ឲ្យគង់វង្ស និងយូរអង្វែង ដោយបច្ចុប្បន្នរដ្ឋមិនអនុញ្ញាតឲ្យជនណាមកបំផ្លិចបំផ្លាញនូវទ្រព្យសាធារណៈ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋតាមរយៈការដឹកជញ្ជូនបានផ្ទុកលើសទម្ងន់ជាដាច់ខាត ដែលមន្រ្តីនៅតាមស្ថានីយមិនបានត្រួតពិនិត្យឲ្យហ្មត់ចត់ ជាហេតុបង្កឲ្យមានការបាក់ស្រុតដូចជា ស្ពាន ផ្លូវថ្នល់ជាដើម។
ជាមួយគ្នានេះ ឯកឧត្តម គង់ គឹមនី បានសំណូមពរដល់មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធទាំងត្រូវអនុវត្ត និងមានវិធានការទៅច្បាប់របស់រដ្ឋដែលបានចែង ដើម្បីទប់ស្កាត់ និងកាត់បន្ថយបានបទល្មើសនៃការដឹកជញ្ជូនលើសបន្ទុកនៃច្បាប់បានកំណត់ នៅតាមដងផ្លូវ និយាយរួមគឺផ្តើមចេញពីយើងទាំងអស់គ្នា៕ ដោយ ៖ ស៊ាន ចន្ទ័ដា