២ខែដំបូងឆ្នាំនេះ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ៤,៩០លានដុល្លារ ស្មើនឹង១៨,៨៧ភាគរយនៃផែនការ

ខេត្តព្រះសីហនុ ៖ រយៈពេលពីរខែដើមឆ្នាំ២០២២ សាខាពន្ធដារខេត្តព្រះសីហនុប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១៩.៦០៧,៣៩លានរៀល (ប្រមាណជា ៤,៩០លានដុល្លារ) ស្មើនឹង១៨,៨៧ភាគរយនៃផែនការឆ្នាំ២០២២ មានចំនួន ១០៣.៨៨៦,០០លានរៀល (ប្រមាណជា ២៥,៩៧លានដុល្លា) ក្នុងនោះចំណូលថវិកាថ្នាក់ជាតិប្រមូលបានចំនួន ៤.៣៥៤,៨២លាន រៀល ស្មើនឹង ១៥ភាគរយ។ នេះបើតាមរបាយការណ៍លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុរាយការណ៍នារសៀលថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២។

លោក សន ស៊ីផល បន្តថា ចំណូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិប្រមូលបានចំនួន១៥.២៥២,៥៦លានរៀល ស្មើនឹង២០ភាគរយ។ ចំណូលបូកបន្តរយៈពេល២ខែ ក្នុងឆ្នាំ២០២២ មានការកើនឡើងចំនួន ៤.១៤០,៩៨លាន រៀល ស្មើនឹង ២៥,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោកបន្តទៀតថា នៅក្នុងឆ្នាំ២០១៩ អនុលោមតាមផែនការកំណត់ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៦៦.៩៦២,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២០២.៣៦១,០០លានរៀល ស្មើនឹង ៣០២,២០ភាគរយនៃផែនការ។ ឆ្នាំ២០២០ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ២៥៨.២៤៩,០០លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបាន ១៥៨.៥៦១,២៨លានរៀល ស្មើនឹង ១០០,២០ភាគរយ និងឆ្នាំ២០២១ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៧៧.៦០០,០០លានរៀល។ លទ្ធផលការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល។ លទ្ធផលប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ១០០.៧១៩,៤៩ លានរៀល ស្មើនឹង១២៩,៧៩ភាគរយ៕ ដោយ ៖ ទឹង សុភាព