
ថៃមានអ្នកឆ្លងកូវីដចំនួន៨.៤៥២ករណីទៀត និងអ្នកស្លាប់៥៧នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ ខែតុលា 27, 2021
បាងកក ៖ ក្រសួងសុខាភិបាលថៃបានប្រកាសនៅព្រឹកថ្ងៃពុធនេះថាប្រទេសថៃបានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៨.៤៥២ ករណី និងមានអ្នកស្លាប់ចំនួន៥៧នាក់បន្ថែមទៀតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
ក្រសួងសុខាភិបាលថៃបញ្ជាក់ថា នៅថ្ងៃអង្គារម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៨.៤៤៩ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៨៤៦.៤៥២ នាក់ដែលក្នុងនោះ ១.៧៣០.៨៧១ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៨២៧ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.៩២២ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕