Ole នៅសល់​ពេល​តែ​៣​ប្រកួត​ទៀត ​ដើម្បី​រក្សា​តំណែង​នៅ Old Trafford ​

អង់គ្លេស ៖ យោងតាម​របាយការណ៍​មួយ​បានឱ្យដឹងថា អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer នៅសល់​ពេល​តែ​៣​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​រក្សា​តំណែង​របស់គាត់​នៅ Old Trafford ។​

​គ្រូបង្វឹក​សញ្ជាតិ​ន័​រវេ​សរូប​នេះ​ត្រូវបាន​គេ​គិតថា ​អាច​នឹង​បណ្តេញចេញ​បន្ទាប់ពី​ចាញ់​យ៉ាង​អាម៉ាស់ ៥-០ កាលពី​ថ្ងៃអាទិត្យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ប៉ុន្តែ​ប្រធាន​ក្រុម Man Utd ត្រូវបាន​គេ​រាយការណ៍​ថា​បានសម្រេច​ចិត្ត​ផ្ដល់​ឲ្យ​គាត់​បន្ត​ដឹកនាំ​ទៀត ។​

​ទោះបីជា​យ៉ាងណាក៏ដោយ​លោក Solskjaer នៅតែ​ស្ថិតក្រោម​សម្ពាធ​យ៉ាងខ្លាំង​បន្ទាប់ពី​ដឹកនាំ​ក្រុម​ទទួលបាន​ត្រឹម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​នៅ Premier League ក្នុងចំណោម​៤​ចុងក្រោយ​របស់​ពួកគេ​ហើយ​សប្តាហ៍​ក្រោយ​អាច​សន្ម​ត់​ថា​តំណែង​របស់គាត់​ជា​អ្នកចាត់ការ Man Utd បន្ត​ឬ​អត់ ។​

​យោងតាម​កាសែត The Mirror បាន​ឲ្យ​ដឹងថា​លោក Solskjaer  នឹងត្រូវ​បណ្តេញ​ចេញពី​តំណែង ប្រសិនបើ Man Utd ចាញ់​ការប្រកួត​៣​ជាមួយនឹង​ក្រុម Tottenham Hotspur, Atalanta និង Manchester City ។​

​យ៉ាងណាមិញ​មាន​សារព័ត៌មាន​ចេញផ្សាយ​ថា បើសិន​ក្លិប​សម្រេចចិត្ត​បញ្ចប់​តំណែង Solskjaer នោះ​លោកគ្រូ​បង្វឹក Antonio Conte ,Zinedine Zidane, Erik Ten Hag និង Brendan Rodgers ដែលជា​គ្រូបង្វឹក​របស់ Leicester សុទ្ធតែជា​បេក្ខភាព​គ្រូបង្វឹក​ដែល​ត្រូវ​ពិចារណា​យកមក​ជំនួស​លោក​៕