
អាវុធហត្ថខេត្តស្វាយរៀងរំដោះជនរងគ្រោះជនជាតិវៀតណាម១៣នាក់ពីក្រុមឧក្រិដ្ឋជនចាប់បង្ខាំងនៅក្នុងកាស៊ីម៉ុកបាយក្រុងបាវិត
ខេត្តស្វាយរៀង ៖ មានករណីចាប់បង្ខាំងជនជាតិវៀតណាមចំនួន១៣នាក់ ស្រី២នាក់នៅក្នុងបន្ទប់កាស៊ីណូម៉ុកបាយ ក្រុងបាវិត សង្ស័យជនរងគ្រោះចូលលេងល្បែងក្នុងកាស៊ីណូ ចាញ់អស់ប្រាក់ ហើយបានខ្ចីប្រាក់គេ យកទៅលេងល្បែងបន្តរហូតចាញ់អស់ពីខ្លួនគ្មានប្រាក់សងគេ ទើបមានការចាប់បង្ខាំងជំរិតទារប្រាក់បែបនេះ។ ក៏ប៉ុន្តែនៅពេលជនរងគ្រោះទូរស័ព្ទទៅក្រុមគ្រួសារឲ្យយកប្រាក់មកសងក្រុមឧក្រិដ្ឋជនទើបលែង ហើយត្រូវក្រុមគ្រួសារជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ជួយរំដោះជានរងគ្រោះតែម្តង។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ដោយបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយរបស់ជនរងគ្រោះបានប្ដឹងមកកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានបញ្ជាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្ត និងដោយមានការដឹកនាំសម្របសម្រួលដោយលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កាស៊ីណូម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយដោយមានការសហការណ៍ជាមួយក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅដល់បន្ទប់លេខ៥៥៣៥ បានរំដោះជនរងគ្រោះដែលត្រូវបានគេបង្ខាំងទុកចំនួន១៣នាក់ ស្រី០២នាក់។
ជនរងគ្រោះទាំងនោះរួមមាន ៖ ១.ឈ្មោះ ឡេ ធីធិនធុយ ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅសង្កាត់៧ ក្រុងហូជីមិញ ប្រទេសវៀតណាម។ ២. ឈ្មោះ ង្វៀង យឹងយ៉ាត់ ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិអាប់យ៉ូយ ឃុំបេនកូវ ស្រុកអាំងធិនខេត្តតៃនិញ ប្រទេសវៀតណាម។ ៣. ឈ្មោះ ហូរ ជីហ៊ុយ ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិអាងយ៉ាង ឃុំឡុងសៀង ខេត្តអាងយ៉ាងប្រទេសវៀតណាម។ ៤. ឈ្មោះ ង្វៀង វឹងយ៉ាង ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅភូមិថាន់សឺង ឃុំថាន់តី ស្រុកតឹងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ ៥. ឈ្មោះ ង្វៀង វ៉ាងជុង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ឃុំកឹមយ៉ាង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ៦.ឈ្មោះ ឡេ ហឿហៀងវីន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិស៊ុឡ ឃុំទៀងថឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ៧. ឈ្មោះ ហ្វាម ចាំងទៀងដាក ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅ ភូមិឡុងកើម សង្កាត់ឡុងខាន់ ខេត្តតៃនិញ ប្រទេសវៀតណាម។ ៨.ឈ្មោះ ង្វៀង ថាន់កឹង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិឡុងហី សង្កាត់ឡុងធឹង ខេត្តតៃនិញ ប្រទេសវៀតណាម។ ៩. ឈ្មោះ ចឹង វឹងទឹង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ភូមិហ្កជួយ សង្កាត់ហឹងឌៀង ខេត្តឡុងអាង ប្រទេសវៀតណាម។ ១០. ឈ្មោះ ង្វៀង យ៉ាងហាន់ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅ ភូមិកជួយ ឃុំហឹងឌៀង ស្រុកតឹងហឹងខេត្តឡុងអាង ប្រទេសវៀតណាម។ ១១. ឈ្មោះ ឌាំង ធីប៊ិតទៀង ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិឡុងវ៉ា ឃុំឡុងធឹង ស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ ១២. ឈ្មោះ ង្វៀង ថាន់វ៉ាង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅ ឃុំលឹងសុង សង្កាត់ធូឌឹក ក្រុងហូជីមិញប្រទេសវៀតណាម និង១៣.ឈ្មោះង្វៀង ហ្វាងយឿង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។
ប្រភពបន្តទៀតថា ក្រោយពីសមត្ថកិច្ចធ្វើការសាកសួររួចមកនៅ វេលាម៉ោង៣ និង៤០នាទីរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថបានសហការណ៍ ជាមួយស្នងការនគរបាលខេត្តស្វាយរៀងបានប្រគល់ជនរងគ្រោះចំនួន១១នាក់ស្រី ០២នាក់ ទៅឱ្យកងទ័ពការពារព្រំដែនខេត្តតៃនិញ នៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិបាវិត ម៉ុកបាយ នៅចំណុចបង្គាលព្រំដែនលេខ១៧១ដើម្បីទទួលយកទៅប្រទេសវៀតណាមវិញ។
ដោយឡែកជនជាតិវៀតណាមចំនួន០២នាក់ ភេទប្រុស ជាជនបរទេសអន្តោប្រវេសន៍មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់បានធ្វើការអប់រំ និងប្រគល់ឱ្យឪពុកម្តាយយកវិលត្រឡប់ទៅលំនៅដ្ឋាននៅរាជធានីភ្នំពេញវិញ។
ប្រភពបន្តទៀតថា ចំពោះក្រុមជនសង្ស័យសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ប្រភពបានបង្ហើបឲ្យដឹងថា ការចុះបង្ក្រាបនោះ សមត្ថកិច្ចរំដោះបានមនុស្សនោះ១៤នាក់ស្រី២នាក់ ក្រោយពីធ្វើការសាកសួរ១៣នាក់ស្រី២នាក់ជាជនរងគ្រោះ ចំណែកម្នាក់ទៀតគឺមានជាប់ពិរុទ្ធ មានការពាក់ពន្ធ័ជាមួយជនសង្ស័យ ដូច្នេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្ត៕ ដោយ ៖ ភក្តី