អភិបាល​រាជធានី​ភ្នំពេញបន្ត​អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ទឹក​សណ្ដរស្ទឹង​ព្រែក​ត្នោត

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបន្ត​អញ្ជើញ​ចុះពិនិត្យ​ស្ថានភាព​ទឹក​សណ្ដរស្ទឹង​ព្រែក​ត្នោត និង​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​ភ្លាម​ៗ នៃ​ការ​បាក់សន្ទះប្រឡាយ​មួយ​កន្លែង​ក្នុង​ភូមិ​កន្ទុយ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​បាក់តាំង​ពី​យប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ២០២១ មក​ដល់​ពេល​នេះ​ក្រុម​ការងារ​អន្តរាគមន៍​ទប់ស្កាត់​នៃ​បាត់​សន្ទះប្រឡាយ​បាន​ប្រហែល​៨០%ហើយ​។

សម្រាប់ស្ថានភាពនេះ ឯកឧត្តម ឃួង ស្រេង បានដឹកនាំ និងបញ្ជាឲ្យកងកម្លាំងជម្លៀសប្រជាជនមកកាន់ទួលសុវត្ថិភាពជាបន្តបន្ទាប់ ហើយមិនទាន់មានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនៅក្នុងស្ថានភាពនេះទេ។ ទន្ទឹមនោះ ឯកឧត្តមអភិបាល​រាជធានី​ភ្នំពេញក៏បានណែនាំឲ្យកងកម្លាំង និងមន្ត្រីជំនាញសហការគ្នាយកបាវខ្សាច់ ចាក់ទប់បិទមុខទឹក ដើម្បីកុំឲ្យហូរទៅផ្នែកខាងក្រោម នៃសង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួសផងដែរ។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឲ្យដឹងថា ការបាក់ទំនប់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ ទៀន នៃខណ្ឌដង្កោ ក្នុងនោះមានភូមិកន្ទុយទឹក ប៉ះពាល់ចំនួន៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង៨៥ខ្នង ភូមិសាលាចំនួន៧៤ សរុប៣០៦ខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយឲ្យធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើអាចទប់ស្កាត់បានទាន់ពេលវេលា

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ៣៦គ្រឿង បាវខ្សាច់ធំ-តូច សំណាញ់ថ្ម និងកម្លាំងអន្តរាគមន៍ប្រចាំនៅតាមទំនប់សណ្តរស្ទឹងព្រែកត្នោត ដើម្បីការពារហានិភ័យពីជំនន់ទឹកភ្លៀង ដែលអាចបង្កការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ពោលគឺប្រចាំការ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕