
ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន៩.៦៥៨ករណីបន្ថែមទៀត និងស្លាប់៨៤នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៩.៦៥៨ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៨៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ៨.៥២៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៨៥៦.១១០ នាក់ដែលក្នុងនោះ ១.៧៣៩.៣៩៧ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.៩១២ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៩.០០៦ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕