
ក្រុមហ៊ុន Merck ចែករំលែកថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ ជាមួយប្រទេសកំពុងអភិវឌ្ឍន៍
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Merck បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានផ្តល់សិទ្ធិជូនអង្គការ Medicines Patent Pool (MPP) ដែលជាអង្គការមិនរកប្រាក់ចំណេញ គាំទ្រដោយអង្គការសហប្រជាជាតិ នូវអាជ្ញាប័ណ្ណឥតគិតថ្លៃចំពោះថ្នាំ molnupiravir ដែលជាថ្នាំគ្រាប់ព្យាបាលកូវីដ១៩ ក្នុងគោលបំណងចែករំលែកថ្នាំនេះដល់ណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
ប្រធានក្រុមហ៊ុន Merck បាននិយាយថា អាជ្ញាប័ណ្ណនេះនឹងអនុវត្តចំពោះប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១០៥ ប្រទេសនៅជុំវិញពិភពលោក។ ទន្ទឹមនោះនឹងអនុញ្ញាតឲ្យអ្នកផលិតដែលត្រូវបានជ្រើសរើសដោយ MPP ដើម្បីផលិតឱសថ Molnupiravir ជាថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលសហការផលិតជាមួយក្រុមហ៊ុន Ridgeback Biotherapeutics។
រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក កំពុងពិចារណាលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ចំពោះថ្នាំគ្រាប់ Molnupiravir នេះ ដែលបានបង្ហាញក្នុងការសាកល្បគឺមានប្រសិទ្ធភាពជួយកាត់បន្ថយហានិភ័យមិនឲ្យឈឺធ្ងន់ និងស្លាប់ បានពាក់កណ្តាលពីជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck គឺជាថ្នាំព្យាបាលអ្នកជំងឺកូវីដ១៩ មានរោគសញ្ញាស្រាល ហើយថ្នាំនេះ បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការអភិវឌ្ឍនៅឡើយ។ ប៉ុន្តែផ្ទុយថ្នាំដទៃ, molnupiravir បានបង្ហាញលទ្ធផលយ៉ាងល្អប្រសើរនៅក្នុងការធ្វើតេស្ដ ដំណាក់កាលចុងក្រោយ៕