
សិង្ហបុរីកំពុងតាមដានលើករណីឆ្លងកូវីដ១៩ ដែលមានការកើនឡើងលឿនខុសពីធម្មតា
សិង្ហបុរី ៖ ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា ខ្លួនកំពុងតាមដានមើលករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ដែលមានការកើនឡើងលឿនខុសពីធម្មតា បន្ទាប់ពីប្រទេសនេះបានរាយការណ៍ករណីឆ្លងកាលពីថ្ងៃពុធចំនួន ៥.៣២៤ ករណី និងអ្នកស្លាប់ចំនួន១០នាក់ដែលធ្វើឲ្យចំនួនស្លាប់នៅក្នុងប្រទេសនេះកើនឡើងសរុប ៣៤៩ ដែលនេះជាចំនួនច្រើនបំផុត ចាប់តាំងពីការឆ្លងរាតត្បាតនៃជំងឺនេះ។
ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាស កាលពីយប់ថ្ងៃពុធថា ចំនួនឆ្លងថ្មីខ្ពស់ខុសពីធម្មតា។ អ្នកឆ្លងភាគច្រើនរកឃើញក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។ក្រសួង បន្តថា ខ្លួនកំពុងពិនិត្យមើលលើករណីឆ្លងកើនឡើងខុសប្រក្រតី ហើយនឹងឃ្លាំមើលឲ្យដិតដល់ពីនិន្នាការនៃការឆ្លងនៅក្នុងរយៈពេល២-៣ ថ្ងៃខាងមុខ។
ប្រទេសសិង្ហបុរី បានពង្រីកបំរាមសង្គមមួយចំនួន កាលពីសប្តាហ៍មុននេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានរយៈពេល១ ខែ ដើម្បីជួយសម្រាលស្ថានភាពតានតឹងរបស់ប្រព័ន្ធសុខាភិបាលក្នុងប្រទេស ដូចជា រក្សាគម្លាតក្នុងសង្គម និងការចេញទៅខាងក្រៅដោយឲ្យមានមនុស្សតែ ២ នាក់ប៉ុណ្ណោះ ដើម្បីកាត់បន្ថយអត្រានៃការចម្លង។ រហូតដល់ពេលនេះប្រជាជនសិង្ហបុរីប្រមាណជា ៨៤ ភាគរយ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ដូស។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសដីកោះដ៏តូចមួយនេះកើនដល់ចំនួន ១៨៤,៤១៩ករណី និងចំនួនអ្នកស្លាប់សរុបចំនួន៣៤៩នាក់ ចាប់តាំងពីមានរាតត្បាតជំងឺនេះមក៕