
Man Utd ៖ Pogba នឹងចាកចេញពី Old Trafford ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ
អង់គ្លេស ៖ ក្រុមបិសាចក្រហម Manchester United បាននិយាយថា Paul Pogba នឹងមិនចុះកុងត្រាថ្មីជាមួយក្លឹបនោះទេ ហើយខ្សែបម្រើរូបនេះនឹងចាកចេញពី Old Trafford ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ ពេលកិច្ចសន្យារបស់គេផុតកំណត់។
កិច្ចព្រមព្រៀងដែលមានស្រាប់របស់កីឡាករសញ្ជាតិបារាំងជាមួយបិសាចក្រហមនឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយ ហើយក្លឹបបានពិភាក្សាជាមួយកីឡាករវ័យ២៨ឆ្នាំក្នុងគោលបំណង់បន្តកុងត្រាមួយរយៈទៀត។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Pogba លោក Mino Raiola ថ្មីៗនេះបានបង្ហើបថាមិនមានចលនាណាមួយបន្តកុងត្រានោះទេ ខណៈ Real Madrid, Juventus និង Paris Saint-Germain សុទ្ធតែកំពុងចាប់អារម្មណ៍កីឡាកររូបនេះ។
យោងតាមសារព័ត៌មាន ESPN បានឲ្យដឹងថា ម្ចាស់ជើងឯកអង់គ្លេស ២០ សម័យកាល បានទទួលស្គាល់ថា Pogba នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនោះទេ ហើយរូបគេអាចនឹងចាកចេញនៅរដូវកាលក្រោយ។
Man Utd អាចព្យាយាមលក់ Pogba ក្នុងខែមករាខាងមុខនេះ ប៉ុន្តែរបាយការណ៍បានអះអាងថា ក្រុមរបស់លោក Ole Gunnar Solskjaer ត្រៀមនឹងបាត់បង់ខ្សែបម្រើរូបនេះ ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករសញ្ជាតិបារាំងរូបនេះនឹងមិនមានវត្តមានសម្រាប់ការប្រកួត Premier League ៣ប្រកួតជាមួយ Tottenham Hotspur, Manchester City និង Watford បន្ទាប់ពីបានទទួលកាត់ក្រហមពេលចាញ់ Liverpool ៥-០ កាលពីចុងសប្តាហ៍មុន។
សូមជម្រាបថា Pogba ធ្លាប់ចាកចេញពី Old Trafford ដោយគ្មានតម្លៃខ្លួន ក្នុងឆ្នាំ ២០១២ ដើម្បីចូលរួមជាមួយ Juventus ហើយគាត់បានចំណាយពេល ៤ ឆ្នាំជោគជ័យជាមួយក្លឹបយក្សអ៊ីតាលី មុនពេលត្រលប់ទៅបិសាចក្រហមវិញក្នុងកិច្ចព្រមព្រៀងតម្លៃ៩០ លានផោន៕