វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៨,០០៤ករណី និងស្លាប់០៥នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៨,០០៤ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០៥នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៩២១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ៥៤៤ករណី និងខេត្ត Nghệ An ៣៥១ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៣១,៥១៦នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,១៦៣,១៣២នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤៣,០៣៤៕