អគារ «តេជោបូព៌ា» នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាពពិធីក្រុងពាលីបើកការដ្ឋានសាងសង់អគារតេជោបូព៌ា នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។

ពិធីក្រុងពាលីនេះប្រពឹត្តទៅ នៅទីរួមខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តមអនុប្រធាន ឯកឧត្តមសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក  អភិបាលរងខេត្ត លោក-លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៧ ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត សមាជិក-សមាជិកា គណៈកម្មាធិការ ស.ស.យ.ក ខេត្ត ក្រុង/ស្រុក និងអ្នកពាក់ព័ន្ធផងដែរ។

សំណង់អគារមួយនេះ គឺជាអគារពហុបំណង ដែលមិនត្រឹមតែជាការិយាល័យរដ្ឋបាលប៉ុណ្ណោះទេ តែក៏ជាកន្លែងប្រជុំ កម្មវិធីជួបជុំផ្សេងៗ និងតារាងលេងកីឡាផងដែរ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា