ផ្ទុះប្រតិកម្ម ក្រោយបែកធ្លាយ Video អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និយាយមើលងាយដល់អ្នកសារព័ត៌មាន

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះមានការផ្សព្វផ្សាយ និងចែកចាយតៗគ្នា ក្រោយបែកធ្លាយវីឌីអូ Video អភិបាលខេត្តមណ្ឌលគីរី លោក ថង សាវុន បាននិយាយប៉ះពាល់ដល់អ្នកសារព័ត៌មានថា អ្នកកាសែតហ្វេសប៊ុកចង្រៃ ឬអ្នកកាសែតចង្រៃ។

បើតាមគណនេយ្យហ្វេសប៊ុកឈ្មោះ Phal Dam ការលើកឡើងរបស់លោក ថង សាវុន ខណៈចុះបេសកកម្មសួរសុខទុក្ខមន្ត្រីឧទ្យានុរក្ស នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ កន្លងមកនេះ។

ដោយឡែក លោក ហោ គន្ធា ប្រធានស្ថាបនិកសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈសារព័ត៌មានកម្ពុជា បានសម្តែងនូវការមិនពេញចិត្តចំពោះការលើកឡើងរបស់អភិបាលខេត្តមណ្ឌលគីរី លោក ថង សាវុន ដោយលោកចាត់ទុកថា ធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានទូទៅក្នុងប្រទេសកម្ពុជា។

លោក ហោ គន្ធា បន្តថា ជួសមុខឲ្យសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា សមាជិក សមាជិកា អ្នកសារព័ត៌មានស្នើសុំឯកឧត្តមមេត្តាកែតម្រូវនូវប្រសាសន៍ ឬចេញសេចក្តីបំភ្លឺជាសាធារណៈ ដើម្បីឲ្យមហាជនកុំមានការរើសអើង និងមានការយល់ច្រឡំមកលើអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ៕